(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ និងភរិយា ព្រមទាំងក្រុមការងារចុះជួយស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តចំនួន៥ នៃឃុំភក្តី និងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងនោះ នៅឃុំកាត់ភ្លុកមានចំនួន៤វត្ត គឺវត្តមង្គលថ្មី វត្តសុវណ្ណគិរី វត្តគិរីសោភ័ណ និងវត្តកាត់ភ្លុក នៅក្នុងឃុំភក្តីចំនួន១វត្ត គឺវត្តផុងភក្តីវរ៉ារ៉ាម ។

ពិធីបុណ្យកាន់បណ្ឌិ ភ្ជុំបិណ្ឌនេះ មានពុទ្ធបរិស័ទជាច្រើន ចូលរួមដាក់បិណ្ឌ ដោយក្ដីសប្បាយរីករាយ និងបាននាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងហូរហៀរផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ជាពិសេសបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មកទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។

ក្នុងវេនកាន់បិណ្ឌនេះ ក្រុមការងារចុះជួយស្រុកបសេដ្ឋ បានវេរប្រគេនព្រះសង្ឃ នូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ តាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕