(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ បានថ្លែងថា ផ្ដើមចេញពីសុខសន្ដិភាព និងការកអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏រឹងមាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រជាពលដ្ឋកាន់តែសម្បូរសប្បាយរីករាយ ជួបជុំគ្រួសារ ទៅណាមកណាមានសេរីភាពពេញលេញ ជាពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ការថ្លែងយ៉ាងដូច្នេះរបស់តំណាងមណ្ឌលកំពង់ចាម ក្នុងឱកាសកាន់បិណ្ឌភ្ជុំបិណ្ឌទី១១ ជាមួយភរិយា លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី និងគ្រួសារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាបុណ្យ ក្នុងស្រុកកំណើត នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម។

លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា «សន្ដិភាពសម្រាប់ប្រទេសនៅពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ការគំរាមកំហែង កាប់សម្លាប់ ព្រាត់គ្រួសារ និងជួបភាពអត់ឃ្លាននោះទេ។ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋយើងមានជីវភាពកាន់តែធូរធារ សម្បូរការងារធ្វើទាំងនៅទីក្រុង និងតាមបណ្ដាខេត្ដ។ លើសពីនោះ ពលរដ្ឋយើងអាចធ្វើដំណើរជួបជុំគ្រួសារ ដំណើរកំសាន្ត ក្នុងស្រុកក្រៅស្រុក យ៉ាងសប្បាយរីករាយ ពិសេសទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»។

ក្នុងឱកាសអញ្ជើញកាន់បិណ្ឌនេះ លោកបណ្ឌិត ម៉ា ឈឿន និងក្រុមគ្រួសារ ក៏បានវេនប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ មាតា បិតា និងបុព្វការីជន និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យ ជូនដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។

ព្រមជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន និងក្រុមគ្រួសារ បានប្រគេនបច្ច័យដល់ព្រះសង្ឃ និងថវិកាមួយចំនួនទៀត សម្រាប់កសាងសមិទ្ធផលនានានៅតាមវត្ដអារាម និងរៀបចង្ហាន់ព្រះគេនព្រះសង្ឃ។ រីឯសម្រាប់លោកតា លោកយាយ និងពលរដ្ឋចូលរួមកាន់បិណ្ឌជាមួយ ទទួលបានក្រណាត់សម្នាក់១ដុំ និងថវិកាមួយចំនួនផងដែរ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕