(ស្វាយរៀង)៖ លោក កែរ រដ្ឋា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយរៀងបាន អំពាវនាវដល់សមាជិកសមាជិកាគណបក្ស និងអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ត្រូវធ្វើការបង្ការទប់ស្កាត់ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំ ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបាន ខ្ជាប់ខ្ជួនទោះបីប្រទេសកម្ពុជាយើងមានសភាពធូរស្រាល ហើយក្តីតែមិនត្រូវធ្វេសប្រហែសនោះឡើយ។

ការថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងចែកសម្ភារអនាម័យជូនដល់សមាជិកសមាជិកាគណបក្សនិងកម្លាំងប្រជាការពារភូមិនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីសមាជិកបក្ស និងកងកម្លាំងប្រជាការពារភូមិជាច្រើនរូបផងដែរ។

នៅក្នុងឪកាស លោក កែរ រដ្ឋា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសណាក់ លោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងជូន ដល់សមាជិកសមាជិកាគណបក្ស និងកម្លាំងប្រជាការពារភូមិផងដែរ។

លោកបានបន្តថា ក្នុងនាមប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសង្កាត់ សមាជិកសមាជិកា អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កា ទប់ស្កាត់និងប្រយុទ្ធនឹងជំងឺកូវីដ១៩មិនឲ្យជំងឺនេះឆ្លងដល់សហគមន៍នោះឡើយ។

លោក កែរ រដ្ឋា បានជំរុញដល់សមាជិកសមាជិការគណបក្ស ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនិងដោះស្រាយរាល់សំណូមពរចំណុចប្រឈម នានានៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរគឺធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ នោះឡើយជាពិសេសត្រូវជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត។

លោកលោក កែរ រដ្ឋាបានថ្លែងផ្ដាំផ្ញើដល់សមាជិកបក្សទាំងអស់អាជ្ញាធរដែនដីកម្លាំងប្រជាការពារភូមិត្រូវអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងរួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងត្រូវការពារ សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា និងត្រូវបង្កើនការដាំដំណាំរួមផ្សំចិញ្ចឹមសត្វឲ្យបានច្រើនក្នុងអំឡុងពេលកូវីដ១៩នេះផងដែរ។

ជាមួយគ្នានោះដែរ លោក កែរ រដ្ឋា បានបញ្ជាក់ជូនអំពីតួនាទីភារកិច្ចរបស់កម្លាំងប្រជា ការពារភូមិថា កម្លាំងប្រជាការពារគឺជា កម្លាំងស្ម័គ្រចិត្តក្នុង ការចូលរួមសហការជាមួយកម្លាំងប្រជាការពារ ប៉ុស្តិ៍រដ្ឋបាល ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

រាល់កើតមានសភាពការណ៍នៃបទល្មើស ជាក់ស្តែងកម្លាំងប្រជាការពារគឺ ត្រូវមានភារកិច្ចបង្ក្រាបចាប់ជនប្រព្រឹត្តល្មើសយកទៅ ប្រគល់ជូននគរបាលប៉ុស្តិ៍ឬសមត្ថកិច្ច កងរាជអាវុធហត្ថ ដើម្បីមានវិធានការ ក្នុងការសាកសួរចម្លើយ និងរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថានៅក្នុងពិធីសំណេះសំណាលនេះក៏មានមន្ត្រីជំនាញសុខាភិបាលក៏បានធ្វើការផ្សព្វផ្សាយអំពីវិធានការការពារនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ដល់សមាជិកបក្សនិងប្រជាការពារភូមិផងដែរ។

ក្នុងឪកាសនោះលោកប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយរៀងបានឧបត្ថម្ភសម្ភារៈអនាម័យនិងថវិកាដល់សមាជិកបក្ស កម្លាំងប្រជាការពារភូមិ កម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ដែលសរុបថវិកាអស់ប៉ុន្មាន៥លានរៀល៕