(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកបាណន់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំភ្នំសំពៅ លោកបណ្ឌិត ហែម ថេង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ កាន់បិណ្ឌវេណទី១១ ចំនួន៥វត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះ។

លោកបណ្ឌិត ហែម ថេង បានឲ្យដឹងថា នៅក្នុងពិធីកាន់បិណ្ឌនាពេលនេះ ក្រុមការងារទាំងអស់ មានសទ្ធាជ្រះថ្លា បានចូលរួមប្រគេនទេយ្យវត្ថុ និងបច្ច័យទាំង៥វត្ត រួមមាន វត្តចែងក្តា, វត្តភ្នំសំពៅ, វត្តទ្រុងមាន់, វត្តភ្នំអណ្តើក និងវត្តល្អាងក្រពើ ដោយមួយវត្តប្រគេន អង្ករ២០០គីឡូក្រាម, មី១កេសធំ, ត្រីខកំប៉ុង១កេសធំ, ទឹកដោះគោខាប់១កេស, ទឹកសុទ្ធ៥កេស, ទឹកក្រូចចម្រុះ៥កេស, តែ២គីឡូក្រាម, ស្ករស៥គីឡូក្រាម, សាដក់១, ផ្លែឈើ១កន្រ្តក, នំអន្សម១កន្រ្តក, និងបច្ច័យ៥០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនេះ លោក ហែម ថេង បានដឹកនាំក្រុមការងារបន្តសំណេះសំណាល និងអរគុណដល់កងកម្លាំងប្រជាការពារឃុំ ចំនួន១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបានខិតខំធ្វើការពារបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងនោះលោកបានជូនថវិកាម្នាក់ៗ៥ម៉ឺនរៀល, ក្រុមការងារគណបក្សឃុំ ភូមិ៣៩នាក់ម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល, គណបក្សស្រុក៦០ម៉ឺនរៀល, និងជូនអាល់កុល៦០លីត្រ ម៉ាស់២០ប្រអប់ និងម៉ាស៊ីនវាស់កម្តៅ៣គ្រឿង ដល់សាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ សម្រាប់យកទៅប្រើប្រាស់ក្នុងសាលា ដើម្បីការពារកុំឆ្លងរោគជំងឺកូវីដ-១៩៕