(ភ្នំពេញ)៖ លោក សួន រិនឌី អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា រួមជាមួយលោក ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះសួរសុខទុក្ខជនចាស់ជរា និងបាននាំយកទេយ្យទានប្រគេនព្រះសង្ឃដែលមានព្រះជន្ម ១០៨ ព្រះវស្សានៅវត្តចង្រែលើ ខណ្ឌមានជ័យ។

នាឱកាសនោះដែរ លោក សួន រិនឌី រួមទាំងក្រុមការងារក៏បានចែកទាន និងថវិកាទៅដល់លោកយាយ លោកតា និងប្រជាការពារសណ្តាប់ធ្នាប់ជាច្រើននាក់ទៀតដែរ។

លោក សួន រិនឌី ក៏បានអំពាវនាវចំពោះអាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ និងប្រជាការពារទាំងឡាយ ត្រូវបន្តខិតខំថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អ ពិសេសគឺត្រូវចូលរួមបង្ការការពារការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន។

ជាមួយនឹងសកម្មភាពនេះ ថ្នាក់ដឹកនាំ និងក្រុមការងារខាងលើក៏បានទៅសួរសុខទុក្ខឧបាសិកា លេង ខេន អាយុ៨១ឆ្នាំ បច្ចុប្បន្នកំពុងស្នាក់អាស្រ័យនៅវត្តចាក់អង្រែលើ ដែលជាពុទ្ធបរិស័ទមួយរូបជ្រះនឹងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ថែមទាំងធ្លាប់នៅបម្រើព្រះសង្ឃនៅវត្តនេះផងដែរ កាលនៅមានកម្លាំងដើររួច តែឥលូវនេះលោកយាយបានធ្លាក់ខ្លួនឈឺដោយរោគាពាធផង ជរាពាធផង មិនអាចមានលទ្ធភាពព្យាបាលជំងឺបាន។

ឃើញដូច្នេះ លោក សួន រិនឌី ក៏បានចែកជូនអំណោយ និងថវិកាមួយចំនួនដល់លោកយាយ លេង ខេន និងបានឱ្យក្រុមគ្រូពេទ្យនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា សហការគ្នាចាត់ចែងព្យាបាល និងយកចិត្តដាក់តាមដានសុខភាពរបស់លោកយាយផងដែរ៕