(បាត់ដំបង)៖ ក្រសួងសុខាភិបាល នឹងដាក់ឧបករណ៍ម៉ាស៊ីនពិនិត្យសំណាកមេរោគកូវីដ-១៩ ប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពិនិត្យសំណាកប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភាគពាយព្យ មានដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តពោធិ៍សាត់។

ជាក់ស្ដែងនារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងអគារនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីត្រៀមដាក់ឧបករណ៍ម៉ាស៊ីនពិនិត្យសំណាកមេរោគកូវីដខាងលើនោះ។

ការរៀបចំឱ្យមានម៉ាស៊ីនពិនិត្យនេះ គឺដើម្បីកាត់បន្ថយការយឺតយ៉ាវក្នុងការយកសំណាកមកពិនិត្យនៅរាជធានីភ្នំពេញ និងរង់ចាំយកលទ្ធផលត្រឡប់ទៅមកមន្ទីរពេទ្យមូលដ្ឋានច្រើនដង។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានផ្ញើសារបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋថា សូមនាំគ្នាចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ត្រូវសម្អាតអនាម័យជាប្រចាំ អនុវត្តវិធានគម្លាតបុគ្គល គម្លាតសង្គម ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុលទាំងអស់គ្នា៕