(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ នៅវត្តភ្នំជ័យគិរី (ភ្នំហាន់ជ័យ) ដែលមានទីតាំងស្ថិតនៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម។

ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា លោក អ៊ុន ចាន់ដា បានផ្ដួចផ្ដើមគំនិតមូលមតិគ្នា ជាមួយមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមធ្វើពិធីកាន់បិណ្ឌវេនទី១០ នៅវត្តភ្នំហាន់ជ័យ ដោយបាននាំយកទៅជាមួយ បាយសម្ល នំចំណី និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឃ ទុកជាចង្ហាន់ ដែលគង់ចាំព្រះវស្សានៅទីអារាមនោះ។

គួរបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្សឲ្យចេះធ្វើបុណ្យ និងតបគុណចំពោះអ្នកមានគុណ និងមានធម៌ឧត្តមនោះទេ តែក្នុងឱកាសបុណ្យរយៈពេល១៥ថ្ងៃនេះ ក៏បានបញ្ជ្រៀបការអប់រំដល់ប្រជាពុទ្ធបរិស័ទ បានយល់ដឹងពីហេតុនាំឲ្យសុខ និងវិនាសផងដែរ។

យ៉ាងណាមិញ រៀងរាល់ពេលព្រឹកព្រលឹម ចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ (ចាប់ផ្តើមពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ) គេតែងបានឮ ព្រះសង្ឃសូត្រធម៌ ដែលហៅថា បរាភវសូត្រ។ បរាភវសូត្រ គឺជាធម៌របស់សម្មាសម្ពុទ្ធ បានដាស់តឿនដល់ប្រជាពុទ្ធបរិស័ទនូវមូលហេតុ១២ប្រការ នាំដល់ក្តីវិនាសក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ធម៌បង្ហាញក្តីវិនាសទាំង១២ប្រការនេះ ត្រូវបានព្រះសង្ឃជាសាវ័ករបស់សម្មាសម្ពុទ្ធ មានសង្ឃដីកាថា ប្រសិនបើប្រជាពុទ្ធបរិស័ទស្តាប់ ហើយពិចារណា នឹងធ្វើឲ្យជីវិតកាន់តែប្រសើរ និងចៀសផុតពីក្តីវិនាសទាំងឡាយ ទទួលបាននូវសេចក្តីសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ក្នុងសង្គម៕