(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះបាននាំរថយន្តពិសោធន៍ចល័តរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះត្រួតពិនិត្យគ្រឿង ឧបភោគបរិភោគ និងផលិតផលវេចខ្ចប់សាដកនៅក្នុងផ្សារធំថ្មី ខណ្ឌដូនពេញ ដោយក្នុងនោះមន្ត្រីបានរកឃើញនំបាញ់ឌុក និងលតធ្វើពីអង្ករមួយចំនួនមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយបានដកហូតពីអាជីវករ ដើម្បីត្រៀមយកទៅកម្ទេចចោល។

មន្រ្តីដែលចុះប្រតិបត្តិការនោះបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការសហការរវាងមន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មផ្សារធំថ្មី ក្នុងគោលបំណងដើម្បីបង្ការការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ ក្រោមការចង្អុលបង្ហាញពីលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

មន្រ្តីដដែលបានបន្តថា គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាពក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដោយក្នុងសកម្មភាពនេះមន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើម្ហូបអាហារចំនួន ៣២គំរូ យកមកពិនិត្យលើរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

មន្រ្តីដដែលបានបន្តទៀតថា ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់នៅក្នុងបាញ់ឌុក និងលតអង្ករ។ បន្ទាប់មក មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតម្ហូបអាហារទាំងនោះមករក្សាទុក ដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានណែនាំដល់ម្ចាស់អាជីវករលក់នំបាញ់ឌុក និងលតអង្ករឱ្យឈប់អាហារដែលមានសារធាតុបូរ៉ាក់លាយ។

ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀតឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕