(មណ្ឌលគីរី)៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២០-២០២៤ នៅតំបន់ភូមិភាគ សាន្ត ដែលមានដូចជាខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។

កម្មវិធីនេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តទាំង៥ខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូលបន្ថែម ហើយកម្មវិធីនេះក៏ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ផងដែរ។

ការប្រកាសដាក់ឱ្យដំណើរការកម្មវិធីខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងកម្មវិធី បណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា (Hospitality for Kampuchea) ហៅកាត់ HoKa លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់។

នាឱកាសនោះ លោក ប៉ាក់ សុខុម បានលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២នេះ ក្រសួងទេសចរណ៍នឹងយកចិត្តទុកដាក់លើការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា (HoKa) ដល់យុវជន-យុវជនារី ដែលនឹងផ្តល់នូវវិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈពិតប្រាកដដល់ពួកគេ បង្កើតការចាប់យកឱកាសការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់ការបង្កើតមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ខណៈពេលខេត្តមណ្ឌលគិរី និងភូមិភាគឦសាន្តទាំងមូលកំពុងទទួលបានកំណើនទេសចរយ៉ាងកុះករ នារយៈកាលចុងក្រោយនេះ និងនិន្នាការទេសចរណ៍ភូមិភាគឦសាន្តកាន់តែកើនឡើង។

លោក ជាក់ ម៉េងហ៊ាង បានលើកឡើងថា ការសិក្សាជំនាញវិជ្ជាជីវៈនៅក្នុងវិស័យទេសចរណ៍នេះ គឺជាកត្តាគន្លឺះសម្រាប់យុវជនក្នុងការចាប់យកឱកាសការងារភ្លាមៗក្រោយការសិក្សា និងអាចមានឱកាសចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្សេងៗទៀតផងដែរ។

លោក Christian Volker Ide បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ជំហានទី២ ឆ្នាំ២០២០-២០២៤ នេះ ជាជំនួយឧបត្ថមរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយរយៈពេល ៤ ឆ្នាំបន្តទៅមុខនឹងយកចិត្តទុកដាក់អនុវត្តលើកម្មវិធីចំនួន ៤ រួមមាន៖ ការពង្រឹងសមត្ថភាពមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ទីពិសោធន៍នវានុវត្តន៍ ការបណ្តុះបណ្តាលពេញម៉ោងសម្រាប់យុវជនងាយរងគ្រោះ និងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា។

លោក Christian Volker Ide បានបន្តថា តាមរយៈគម្រោងនេះ យុវជនងាយរងគ្រោះ និងបុគ្គលិកជំនាញទាបប្រមាណ ១១,៦៤០នាក់ ព្រមទាំងគ្រូបណ្តុះបណ្តាល បុគ្គលិក អ្នកគ្រប់គ្រងគ្រឹះស្ថានបណ្តុះបណ្តាល និងក្រុមហ៊ុនឯកជនប្រមាណ ៩១០នាក់ នឹងទទួលបានការបណ្តុះបណ្តាល បង្វឹក និងពង្រឹងសមត្ថភាពទៅតាមស្តង់ដា និងបទដ្ឋាននានាដែលបានរៀបចំ។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានផ្តាំផ្ញើឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង ៥ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រតិបត្តិករទេសចរណ៍នានាចូលរួមអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញជំហានទី២ ឆ្នាំ២០២០-២០២៤ នេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងបញ្ចូលបុគ្គលិក ដើម្បីចូលរួមការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពឱ្យកាន់តែផុលផុសដើម្បីលើកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ក៏ដូចជាអភិវឌ្ឍធនធានមនុស្សក្នុងខេត្តភូមិភាគឦសាន្តឲ្យកាន់តែល្អប្រសើរផងដែរ៕