(កំពង់ធំ)៖ ផ្ទះឈើចំនួន៥ខ្នងជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសសាងសង់ ជូនដល់គ្រួសារប្រជាជនខ្វះខាត និងស្ត្រីមេម៉ាយទាំង៥គ្រួសារ រស់នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

អំណោយជាផ្ទះចំនួន៥ខ្នងនេះ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋខ្វះខាត តាមរយៈលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅថ្ងៃទី១០ឆ្នាំ២០២០។

សូមជម្រាបថា ផ្ទះឈើទាំង៥ខ្នងនេះបានមកពី ការចូលរួមរបស់សប្បុរសជន តបតាមការអំពាវនាវសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយផ្ទះនេះសាងសង់ពី ឈើប្រក់ស័ង្កសីមានបណ្ដោយ៦ម៉ែត្រទទឹង៤ម៉ែត្រ ដោយមួយខ្នងៗមានតម្លៃជាង១ពាន់ដុល្លាអាមេរិក។

លោកស្រី ខៀវ ស៊ីណា ជាចានតូបានថ្លែងថា គ្រប់កាលៈទេសៈពិសេសពេលប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតសម្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងជួយគិតគូចំពោះសុខទុក្ខ និងជួយដោះស្រាយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋជានិច្ច។
ជាក់ស្ដែងពេលនេះ ជាសក្ខីភាពស្រាប់ដែលបង្ហាញយ៉ាងច្បាស់ថា សម្ដេចតែងតែរស់នៅជាមួយសុខទុក្ខ របស់ជាពលរដ្ឋគ្រប់ពេលវេលា។

លោកស្រីបានបន្ថែមថា ដូចនេះបងប្អូនត្រូវចងចាំថា ដ៏រាបណាមានសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងគណបក្សប្រជាជនកម្ពុជា នោះរាល់ការលំបាករបស់ប្រជាពលរដ្ឋ ពិតជាទទួលបានការជួលដោះស្រាយជាក់ជាមិនខាន។

ក្នុងឱកាសនោះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាព រស់នៅឲ្យមានអនាម័យល្អ ពិសេសនៅក្នុងអន្តរកាល នៃការរីករាលដាលជម្ងឺកូវីដ១៩ និងឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀលជូនដល់គ្រួសារម្នាក់ៗផងដែរ៕