(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅកម្ពុជានោះទេ។

គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាក៏គ្មានអ្នកជំងឺកូវីដ១៩ដែរ ដោយអ្នកជំងឺទាំង២៧៤នាក់ ត្រូវបានព្យាបាលជាសះស្បើយទាំងអស់ស្មើនឹង១០០%។

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ច បានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករលើកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់ កន្លងមករួមទាំងការដាក់វិធានការនានាដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕