(ព្រៃវែង)៖ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្តព្រៃវែង ក្រុមការងារចំណាកស្រុកបានជួបប្រជុំ ពិភាក្សាការងារនិងលើកផែនការសកម្មភាព ដើម្បីជួបសំណេះសំណាលផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ ពលករចំណាក ស្រុក ដែលនឹងវិលត្រឡប់ មកចូលរួមជាមួយក្រុមញាតិគ្រួសារតាមមូលដ្ឋាន ប្រារព្ធឆ្លងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខ។

ផ្អែកលើលទ្ធផលល្អប្រសើរនៃការជួបប្រាស្រ័យ ផ្ទាល់ជាមួយបងប្អូនចំណាកស្រុកប្រមាណជាង ៣០.០០០នាក់ កាលពីពេលថ្មីៗកន្លងទៅក្នុងឱកាសនៃការឈប់សម្រាកជាង១សប្តាហ៍ សងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អង្គប្រជុំ បានសម្រេចជំរុញការរៀបចំកម្មវិធីបែបនេះជាបន្តទៅទៀតនៅក្នុងមូលដ្ឋានស្រុកភូមិទូទាំងខេត្តតាមរូបភាពនិងខ្លឹមសារដដែល ដោយត្រូវយកចិត្តទុកដាក់ចាត់តាំងចលនាសកម្មភាពឱ្យកាន់តែសកម្មនិងរស់រវើកថែមទៀត។

ហើយត្រូវធ្វើយ៉ាងណាឱ្យការសំណេះសំណាលក្លាយជាសារនយោបាយនៃបច្ចុប្បន្នភាព សំដៅបង្កើនជំនឿជឿជាក់កាន់តែរឹងមាំថែមទៀតរបស់មហាជនប្រជាជន ជាទូទៅ មកលើរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕