(កែប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសប្រគល់តួនាទីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកែប ជូនលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ពិធីប្រកាសប្រគល់តួនាទីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកែបនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត និង មន្ត្រី រាជការ អាជ្ញាធរខេត្ត រួមទាំងសមាជិកអតីតយុទ្ធជនខេត្តសរុបប្រមាណ ៣៥២នាក់។

ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធានសមាគមអតីតយុទ្ធជនខេត្តកែប បានឱ្យដឹងថា ខេត្តកែបមានសមាជិកសមាគមអតីតយុទ្ធជនសរុបប្រមាណ ៣១៥នាក់។ កន្លងមកគណៈគ្រប់គ្រងសមាគមក្នុងខេត្ត តែងយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់សមាជិក បានទាន់ពេលវេលាដោយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តកែប បានរៀបចំជារចនាសម្ព័ន្ធ និងមានបណ្តាញរចនាសម្ព័ន្ធដឹកនាំតាមគ្រប់លំដាប់ថ្នាក់ ដែលបង្កលក្ខណៈអាចរាយការណ៍ និងឈានទៅអន្តរាគមន៍បានទាន់ពេលវេលា។

លោក សោម ពិសិដ្ឋ ប្រធានកិត្តិយសថ្មីនៃសមាគមអតីតយុទ្ធជនខេត្តកែប បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចឱ្យបានល្អប្រសើរ។ ជាពិសេសប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់។

ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាលក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការពោរពេញដោយភាពស្វាហាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បាននាំនូវការផ្តាំសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងសមាជិក សមាជិកអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកែបទាំងអស់។

ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន, លោក គន់ គីម បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍក្នុងខេត្តកន្លងមក ក៏ដូចជាការចូលរួមក្នុងសកម្មភាពនានា ជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាពរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកែប។

បន្ថែមពីលើនេះដើម្បីធានាថាអតីតយុទ្ធជនក្នុងខេត្តកែប ទទួលបានភាពល្អប្រសើរក្នុងជីវិតនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តកែប ត្រូវយកចិត្តទុក្ខដាក់ផ្តល់អាទិភាពខ្ពស់បម្រើជាពិសេសដល់សមាជិកអតីតយុទ្ធជនក្នុងខេត្ត ឱ្យសាកសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។

លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់ឃុំ ចាំបាច់ត្រូវចងក្រងឯកសារជីវប្រវត្តិរបស់សមាជិកអតីតយុទ្ធជនឱ្យបានត្រឹមត្រូវសម្រាប់ជាមូលដ្ឋានប្រើប្រាស់នៅពេលចាំបាច់ និងធានាថាពួកគាត់អាចទទួលបាននូវជំនួយឧបត្ថម្ភតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

នៅក្នុងពិធីនេះក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម កីបានលើកបង្ហាញពីផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៣ ដែលទើបត្រូវបានអនុម័ត។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៣នេះ បានចង្អុលបង្ហាញយ៉ាងច្បាស់ពីតួនាទីភារកិច្ចរបស់ក្រសួងជំនាញ ដូចជាក្រសួងធនធានទឹក និងឧត្តុនិយម, ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍជនបទ ព្រមទាំងក្រសួងពាក់ព័ន្ធដទៃទៀត ត្រូវមានថវិកាបម្រុងប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២១ ខាងមុខនេះតទៅ ដើម្បីធានាថាមានធនធានបម្រុងក្នុងការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះបន្ទាន់។ ជាពិសេសការងារស្តារឡើងវិញបន្ទាន់ក្រោយគ្រោះមហន្តរាយ ដើម្បីធ្វើប្រក្រតីកម្មជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍រងគ្រោះ ហើយថ្នាក់ក្រោមជាតិ ក៏មានភាពងាយស្រួលជាងមុន ដោយហេតុថារាជរដ្ឋាភិបាលបានប្រតិភូ កម្មការគ្រប់គ្រងប្រើប្រាស់ធនធានមកថ្នាក់ក្រោមខេត្តរួចហើយ។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីការរៀបចំខ្លួនត្រៀមបម្រុងក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ដោយក្នុងនោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ បានបង្កើតការបណ្តុះបណ្តាល ព្រមទាំងបំពាក់សម្ភារៈឧបករណ៍ដល់កងរុករកសង្គ្រោះចំនួន៦កង ដើម្បីត្រៀមបម្រុងជាមុនក្នុងករណីត្រូវធ្វើការរុករកសង្គ្រោះក្នុងគ្រោះអាសន្នណាមួយ។

សូមបញ្ជាក់ថានៅក្នុងពិធីប្រកាសប្រគល់តួនាទីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកែបជូនលោក សោម ពិសិដ្ឋ នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបំពាក់មេដាយមាសការងារជូនដល់មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំង ដែលបានចូលរួមប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍បាក់រលំអគារក្នុងខេត្តកែប កាលពីខែមករា ឆ្នាំ២០២០ផងដែរ។ មន្ត្រី និងកងកម្លាំង ដែលទទួលមេដាយមាសការងារនេះ មានចំនួនសរុបជាង ៦០០នាក់៕