(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ដអំពាវនាវដល់អាជ្ញាធរ និងមហាជន ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្ដនូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩។ លើសពីនេះ ក្រសួងបានព្រមាន និងស្នើឲ្យអាជ្ញាធរផ្អាកសកម្មភាពនានា ចំពោះកន្លែងហាត់ប្រាណណា ដែលមិនគោរពតាមការណែនាំទៀតផង ពិសេសកន្លែងទីលានបាល់ទះតែម្ដង។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី១១ ខែកញ្ញានេះបានបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាល ហើយគិតត្រឹមថ្ងៃទី១១ ខែកញ្ញានេះ អ្នកជំងឺសរុប ២៧៤នាក់បានជាសះស្បើយក៏ពិតមែន តែជំងឺវិបត្តិសកលនេះនៅតែបង្កហានិភ័យខ្ពស់ និងអាចបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ រលកទី២ បានដដែល។ អាស្រ័យហេតុនេះ ក្រសួងទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នទទួលខុសត្រូវ អាជ្ញាធរដែនដី និងការចូលរួមអនុវត្តពីមហាជនផងដែរ។

ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងសសេចក្ដីជូនដំណឹងខាងលើ ក្រសួងបានសង្កត់ធ្ងន់ទៅកន្លែងលេងកីឡា ពិសេសទីលានបាល់ទះ ដែលបើកទូលាយឲ្យទស្សនកិជនចូលទស្សនាច្រើនកុះករ អាចបង្កឲ្យមានរលកទី២ នៃជំងឺកូវីដ-១៩។ ហេតុនេះ ក្រសួងបានស្នើឲ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ និងសហការក្នុងការត្រួតពិនិត្យកន្លែងលេងកីឡា ដើម្បីធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានាដែលមិនគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល៕