(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង តំណាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចុះសំណេះសំណាល ជាមួយសិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបាននាំមកនូវអាល់កុល ម៉ាស់ជាអំណោយលោក ស សុខា និងលោកស្រី កែ សួនសុភី។

បន្ទាប់មកលោកបានបន្តចុះពិនិត្យវឌ្ឍនភាពការងាររួមមាន៖ ការសាងសង់ និងជួសជុលអគារសិក្សា សាងសង់ក្លោងទ្វារ និងសួនច្បារក្នុងបរិវេណវិទ្យាល័យបវេលទាំងមូល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសនេះ លោកបានជំរុញ និងលើទឹកចិត្តឱ្យគ្រប់សាលារៀនទាំងអស់ បង្កើនការអនុវត្តវិធានការសុវត្ថិភាព ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា ក្រៅពីការបាញ់កម្ដៅ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល និងរក្សាគម្លាតសុវត្ថិភាព ត្រូវបង្កើតកន្លែងលាងដៃ និងសាប៊ូឱ្យបានច្រើន។

លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគំរូដល់សិស្សក្នុងការអនុវត្តនូវវិធានការអនាម័យ និងសុវត្ថិភាព ដើម្បីឱ្យសិស្សក្លាយទៅជាទម្លាប់ ហើយពួកគាត់នឹងទៅបង្រៀនដល់ក្រុមគ្រួសារ គាត់ឱ្យអនុវត្តន៍ វិធានការសុវត្ថិភាពនេះដែរ។

លោកបានបន្តថា ការចូលរៀនឡើងវិញ សម្រាប់តែថ្នាក់មធ្យមសិក្សាមានថ្នាក់ទី៩ និងទី១២ សិស្សត្រូវសិក្សាចំនួន ១៨ម៉ោង ក្នុងមួយសប្ដាហ៍ ចំណែកសិស្សបឋមសិក្សាចំនួន ៨ម៉ោង ក្នុងមួយសប្ដាហ៍ និងមានចែកជាបីក្រុម។

លោកបញ្ជាក់ថា «រាជរដ្ឋាភិបាល បានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងជាបន្តបន្ទាប់ស្តីពី ដំណើរការបើកសាលារៀនឡើងវិញ ជា៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១-សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២-សាលារៀនមាន ស្តង់ដារមធ្យម និងដំណាក់ កាលទី៣-សាលារៀនមានស្តង់ដារអប្បបរមា»