(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី បើកផ្ដល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព មួយលើកដំបូង ជូនគ្រួសារអតីតយុទ្ធជន ចំនួន៣០គ្រួសារ មកពីខណ្ឌចំនួន១១។

ក្នុងនោះរួមមាន ខណ្ឌទួលគោក ចំនួន០៤គ្រួសារ, ខណ្ឌចំការមន ចំនួន០៤គ្រួសារ, ខណ្ឌឫស្សីកែវ ចំនួន០២គ្រួសារ, ខណ្ឌដូនពេញ ចំនួន០២គ្រួសារ, ខណ្ឌមានជ័យ ចំនួន០៥គ្រួសារ, ខណ្ឌពោធិ៍សែនជ័យ ចំនួន០២គ្រួសារ, ខណ្ឌកំបូល ចំនួន០១គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន០៤គ្រួសារ, ខណ្ឌសែនសុខ ចំនួន០៣គ្រួសារ, ខណ្ឌជ្រោយចង្វារ ចំនួន០២គ្រួសារ និងខណ្ឌដង្កោ ចំនួន០១គ្រួសារ។

ជំនួសមុខឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច, លោកស្រី មុំ ចាន់ដានី បានសម្ដែងនូវការចូលរួមរំលែកនូវមរណៈទុក្ខ ដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាព ដែលជាអតីតយុទ្ធជនយើង ធ្លាប់បានចូលរួមចំណែកលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះ ការពារបូរណភាពទឹកដី រហូតទទួលបានជោគជ័យកន្លងមក។

លោកស្រី មុំ ចាន់ដានី បានគូសបញ្ជាក់ថា គំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជនកម្ពុជា ពិតជាបានចារនៅក្នុងប្រវត្តិសាស្ត្រ កូនខ្មែរជំនាន់ក្រោយ ដើម្បីជាការដឹងគុណ ដល់អ្នកជំនាន់មុន។

ជាមួយគ្នានោះ លោកស្រីប្រធាន បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរសខ្មែរ ដែលបានពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ៕