(ភ្នំពេញ)៖ ក្រុមហ៊ុន (ខេមបូឌា) ហ្វាយប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) បានប្រគល់ទឹកអាល់កុលប្រមាណ ២៥០គីឡូ និងម៉ាសប្រមាណ ២ម៉ឺនបន្ទះ ជូនដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់នឹងការរាលដាលជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលអាល់កុល និងម៉ាស់ បានធ្វើឡើងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា ការរីករាលដាលជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនេះ គឺជាការខាតបង់មួយយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសសម្រាប់វិស័យអប់រំនៅកម្ពុជា ដែលសាលាទូទាំងប្រទេស ត្រូវបានបិទទ្វារមួយរយៈការកន្លងមកនេះ ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំកម្ពុជាអាចទប់ស្កាត់ បានល្អប្រសើរលើការរីករាលដាលនៃជម្ងឺកូវីដ១៩ និងឈានមកដល់ការបើកឱ្យសិស្សអាចចូលរៀនឡើងវិញនៅសាលាផ្ទាល់។

លោកបន្តថា អំណោយឧបត្ថម្ភរបស់ក្រុមហ៊ុននៅលើកទី២នេះ គឺចំពេលល្អ ដែលកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ត្រូវការក្នុងការប្រើប្រាស់ជាចាំបាច់ ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះ ដោយពុំមានការធ្វេសប្រហេស។

បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រៅពីកាយវិការមនុស្សធម៌នេះ ក្រុមហ៊ុន CFOCN បាននិងកំពុងផ្គត់ផ្គង់បណ្ដាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងក្រោមដីនៅទូទាំងប្រទេស រួមទាំងតំបន់ដាច់ស្រយ៉ាលនានា ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់បេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយគម្លាតឌីជីថល, ផ្ដល់ជូននូវសេវា Broadband ដល់ផ្ទះ និងសាលារៀន, ការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិក និង ឌីជីថល និង ជាពិសេសគឺការពង្រឹងបាននូវមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ជាក់ស្ដែងនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមហ៊ុន CFOCN បានសហការយ៉ាងជិតសិទ្ធិជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការស្ថាបនាបណ្ដាញអ៊ីនត្រាណិតរបស់ក្រសួង ដោយផ្ដល់ជូននូវខ្សែកាប្លិ៍ឆ្អឹងខ្នងដោយឥតគិតថ្លៃតភ្ជាប់ទៅកាន់គ្រប់ការដ្ឋាននានារបស់ក្រសួង ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនៅទូទាំងប្រទេស ដោយបានឈានបញ្ចប់គម្រោងទី១ នាពេលឆាប់ៗនេះ។

លោក ហ៊ាន សាហ៊ីប បានឱ្យដឹងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចាប់ផ្ដើមប្រើប្រាស់បណ្ដាញអ៉ីនត្រាណិតនេះ សម្រាប់ទ្រទ្រង់ដល់សេវាបច្ចេកវិទ្យាព័ត៌មាន (ICT Services) ជាច្រើន ដូចជា ប្រព័ន្ធ FMIS, Video Conference ដែលបានដាក់ឱ្យដំណើរការជាបណ្ដើរៗនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការធានានិរន្តរភាពនៃដំណើរការការងាររបស់ក្រសួងក្នុងដំណាក់កាលរីករាលដាលជម្ងឺកូវីដ១៩ និងប្រព័ន្ធនានាពាក់ព័ន្ធនឹងការប្រមូលចំណូលពន្ធដារ និងពន្ធគយជាដើម។

ជាការឆ្លើយតបលោក ហឺ លីពីង បានគាំទ្រ និងកោតសរសើរចំពោះចំណាត់ការដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើល្អប្រសើរជាងបណ្ដាប្រទេសអាស៊ានក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។ ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតែងតែបង្កលក្ខណៈងាយស្រួល និងជួយជ្រោមជ្រែងដល់ក្រុមហ៊ុនវិនិយោគនានា ក៏ដូចជាក្រុមហ៊ុន CFOCN ក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួនឱ្យកាន់តែលូតលាស់ ដូច្នេះដើម្បីជាការតបស្នង ក្រុមហ៊ុនសូមចូលរួមចំណែកក្នុងឱកាសនេះ ដោយផ្ដល់ជូនដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអាល់កុល និងម៉ាស់។

នៅចុងបញ្ចប់តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានបួងសួងវត្ថុស័ក្ដិសិទ្ធិប្រសិទ្ធពរជ័យជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន CFOCN ឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងក្រុមហ៊ុនបន្តដំណើរការអាជីវកម្មបានទទួលជោគជ័យជាបន្តបន្ទាប់៕