(ភ្នំពេញ)៖ សៀវភៅប្រវត្តិ និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា «ការកសាងវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន» ចង់ក្រងឡើងដោយធនាគារជាតិនៃកម្ពុជា ត្រូវបានផ្ដល់ជូនតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

ការប្រគល់សៀវភៅសៀវភៅប្រវត្តិ និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា «ការកសាងវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន» ជូនដល់តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះធ្វើឡើងក្រោមការចូលរួមពីលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

សូមជម្រាបថា សៀវភៅប្រវត្តិ និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា «ការកសាងវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន» ជាសៀវភៅរៀបរាប់អំពីដំណើរកកើតនៃ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គោលបំណង និងបុព្វហេតុនៃការអភិវឌ្ឍន៍ពី ដំណាក់កាលមួយទៅដំណាក់កាលមួយ សមាសភាពតួអង្គពាក់ព័ន្ធសំខាន់ៗ សារៈប្រយោជន៍របស់មីក្រូហិរញ្ញវត្ថុ និងរំលេចនូវទស្សនាទានពី អនាគតរបស់មីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយនិរន្តរភាព។

លោក រ័ត្ន សុវណ្ណនរៈ បានឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានកកើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយពេលការដួលរលំនៃ របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបន្តរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសមានការរីកចម្រើនយ៉ាងខ្លាំង ក្រោយពេលដែលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជំនួសមុខឲ្យលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងអំណរគុណចំពោះ គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលបានសហការជាដៃគូយ៉ាងល្អ ចំពោះការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ចំពោះការផ្តល់មតិយោបល់នានាកន្លងមក ការអនុវត្តបែបនេះជាកត្តាមូលដ្ឋានយ៉ាងសំខាន់ ធ្វើឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចហើយពិសេស គឺតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជនបទ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

លោកបានបន្ដថា ក្នុងអារម្ភកថានៃសៀវភៅនេះ លោកទេសាភិបាលធនាគារបានបញ្ជាក់ថា «កាលពីបួនទសវត្សរ៍កន្លងមក ប្រវត្តិសាស្រ្តកម្ពុជាបានចារឹកយ៉ាងច្បាស់ពី ដំណើរងើបឡើងវិញរបស់កម្ពុជា ពីស្ថានភាពមួយដែលខ្ទេចខ្ទាំ ដល់ឬសគល់ពិសេស វិស័យហិរញ្ញវត្ថុដែលត្រូវបានលុបបំបាត់ទាំងស្រុង និងធ្វើឱ្យប្រជាជនកម្ពុជាលែងមានជំនឿ មកលើវិស័យហិរញ្ញវត្ថុកម្ពុជា។ កត្តាប្រវត្តិសាស្រ្តនេះ គឺជាមូលដ្ឋានសម្រាប់ធ្វើការវិភាគ និងស្វែងយល់អំពីមូលហេតុ ឧបសគ្គ និងបញ្ហាប្រឈមនានា ដែលអ្នកជំនាន់មុនបានជួបប្រទះ ប៉ុន្តែក្រោមការខិតខំប្រឹងប្រែង និងការងើបឡើងវិញយ៉ាងត្រដាបត្រដួសដោយខ្លួនឯង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងប្រកបដោយទស្សនៈវែងឆ្ងាយ ដោយបានអនុញ្ញាតឱ្យវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ អនុវត្តតាមយន្តការទីផ្សារ ជាលទ្ធផលបានធ្វើឱ្យសកម្មភាព មីក្រូហិរញ្ញវត្ថុអភិវឌ្ឍយ៉ាងឆាប់រហ័ស»។

លោក រ័ត្ន សុវណ្ណនរៈ បានបន្ថែមទៀតថា ក្នុងគោលគំនិតចងក្រងជាឯកសារប្រវត្តិសាស្រ្តផង ជាឃ្លាំងផ្ទុកនូវបទពិសោធន៍ផង និងជាមេរៀនសំខាន់ៗផង សម្រាប់ផ្តល់ជូនដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ទើបថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់លោក ជា ចាន់តូ បានសម្រេចចិត្តប្រគល់ការងារនេះជូនលោក រ៉ុន បេវ៉ាកក្វា ស្ថាបនិក និងនាយកគ្រប់គ្រងក្រុមហ៊ុន Access Advisory ធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងសៀវភៅ «ការកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន» និងប្រកាន់លើគោលគំនិត និងមតិយោបល់ឯករាជ្យរបស់អ្នកនិពន្ធ។

លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា សៀវភៅនេះជាស្នាដៃដ៏សំខាន់ ដែលបម្រើជាឯកសារគោល សម្រាប់វិស័យហិរញ្ញវត្ថុ ដោយផ្តោតសំខាន់ពីប្រវត្តិ និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាងពីរទស្សវត្សរ៍។ សៀវភៅនេះមិនត្រឹមតែបម្រើជាប្រយោជន៍ សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកនូវបទពិសោធន៍ ក្នុងវិស័យហិរញ្ញវត្ថុដ៏មានតម្លៃរបស់កម្ពុជា ដល់ប្រទេសផ្សេងៗលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដទៃៗទៀត។

លោក រ៉ុន បេវ៉ាកក្វា ក៏បានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅ និងការរកឃើញនៅក្នុងសៀវភៅនេះ។ លោកបានថ្លែងថា មីក្រូហិរញ្ញវត្ថុកម្ពុជាស្ថិតក្នុងចំណោម ប្រព័ន្ធមីក្រូហិរញ្ញវត្ថុល្អបំផុតលើពិភពលោក ហេតុដូច្នេះមីក្រូហិរញ្ញវត្ថុកម្ពុជា គួរត្រូវបានយកចិត្តទុកដាក់ និងទទួលបាននូវការគោរព។

លោកបានបន្ដផ្តាំផ្ញើថា វិស័យមីក្រូហិរញ្ញវត្ថុត្រូវការធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកួតប្រជែងដោយស្មើភាព ផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនតាមតម្រូវការ ដាក់ចេញបទប្បញ្ញត្តិ និងមានការចុះត្រួតពិនិត្យសំដៅធានា ការអនុលោមតាមបទប្បញ្ញត្តិ ព្រមទាំងតម្រូវឱ្យមានការសហការគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យបានសុចរិតភាពនៃទីផ្សារ ទោះបីជាមានការប្រកួតប្រជែងគ្នា ក្នុងទីផ្សារក៏ដោយ៕ ់