(សៀមរាប)៖ សាខា ក.ប.ប ខេត្តសៀមរាប ដឹកនាំដោយលោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា និងអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរផ្សារ ចុះធ្វើការត្រួតពិនិត្យគុណភាពម្ហូបអាហារនៅផ្សារក្រោម ដែលមានទីតាំងស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ការត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលដៅ រកភាពមិនអនុលោមផ្នែកគុណភាព តាមរយៈធ្វើពិសោធន៍នៅនឹងកន្លែងផ្ទាល់តែម្តង។

លោក ខៀវ បញ្ញាវឌ្ឍន៍ បានឲ្យដឹងថា ជាទូទៅរាល់រដូវបុណ្យទានធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប ទូទាំងប្រទេស តែងតែបង្កើនសកម្មភាពទ្វេដង ក្នុងការត្រួតពិនិត្យគុណភាពម្ហូបអាហារ សម្រាប់ប្រជាជនទូទៅ ក៏ដូចជាទេយ្យទាន សម្រាប់ប្រគេនព្រះសង្ឃ ក្នុងគោលដៅការពារសុខមាល អ្នកប្រើប្រាស់គ្រប់ស្រទាប់ក្នុងទូទាំងប្រទេស។

លោកបន្តថា ជាក់ស្តែង ព្រឹកមិញនេះ មន្ត្រីសាខា ក.ប.ប ខេត្តសៀមរាប បានចុះយកសំណាកគំរូ មុខទំនិញចំនួនជាង១០ មុខសំខាន់ៗ ដូចជាគ្រឿងសមុទ្រ បន្លែ ពពុះសណ្តែក និងជ្រក់ និងមុខទំនិញគោលដៅមួយចំនួនទៀត ដែលពេញនិយមក្នុងរដូវភ្ជុំបិណ្ឌ យកមកវិភាគរកមើលសាធាតុហាមឃាត់ណាមួយ ដែលអាចកើតមានក្នុងទំនិញទាំងនោះ តាមលក្ខណ្ឌណាមួយនោះ។

លោកប្រធានសាខា ក៏បានឲ្យដឹងទៀតដែរថា នាល្ងាចថ្ងៃដដែល សាខា ក.ប.ប ខេត្តសៀមរាប ក៏បានបន្តចុះត្រួតពិនិត្យសាដក នៅតាមតូមលក់ទេយ្យទាន ដែលជាគោលដៅចំនួនធំទៀត ហើយជាលទ្ធផល លោកប្រធានសាខារូបនេះ បានបង្ហាញភាពភ្ញាក់ផ្អើលថា ធុរជនក្នុងប្រទេសកម្ពុជា មានការភ្ញាក់រលឹកច្រើន និងយល់ដឹងខ្ពស់ជាងមុន ពីការទទួលខុសត្រូវរបស់ខ្លួន និងមានចំណេះដឹងផ្នែកច្បាប់ ព្រមទាំងមានការយល់ដឹងពីបុណ្យបាប កាន់តែប្រសើរជាងមុន៕