(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ថ្ងៃដំបូងនៃដំណើរការបើកសាលារៀនឡើងវិញ នៅដំណាក់កាលទី២ បានប្រព្រឹត្តទៅដោយរលូន ខណៈគណៈគ្រប់គ្រងសាលាបានអនុវត្តការរៀបចំ តាមការណែនាំបានល្អរបស់ក្រសួង។

បើតាមលោក រស់ សុវាចា នៅពេលបើកដំណើរការសាលារៀនឡើងវិញនេះ មាតាបិតា បានរៀបចំ នំចំណីអាហារ ទឹកស្អាត ឲ្យកូនៗរបស់ពួកគាត់យកទៅតាមខ្លួនផងដែរ ដើម្បីធានាសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ទៀតថា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈដែលមានសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅទូទាំងប្រទេស បានចាប់ផ្តើមចូលរៀនឡើងវិញ នៅថ្ងៃទី០៧ ខែកញ្ញានេះ សម្រាប់ដំណាក់កាលទី២។ ចំណែកការអនុញ្ញាតឲ្យសិស្សគ្រប់កម្រិត ចូលរៀនឡើងវិញ មានសម្រាប់តែទីរួមខេត្តចំនួន៤ទេ គឺទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។

លោក រស់ សុវាចា បានឲ្យដឹងថា មូលហេតុដែលក្រសួង សម្រេចអនុញ្ញាតឲ្យខេត្តទាំង៤ បើកសាលារៀនវិញគ្រប់កម្រិត ដោយសារតែខេត្តនេះ មានហានីភ័យឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតទាប។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តពិនិត្យលទ្ធភាពជាក់ស្តែងបើកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ តាមរាជធានី-ខេត្តផ្សេងទៀត តាមទ្រង់ទ្រាយតូច និងឆ្លាស់វេនគ្នា។

លោកបន្ថែមថា ក្រៅពីនេះគ្រឹះស្ថានសិក្សាឯកជន ចំនួនប្រមាណ៣០០កន្លែង ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា បាននិងកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញ សម្រាប់ដំណាក់កាលទី២ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះជាបន្តបន្ទាប់ ក្រោយពីក្រសួងអប់រំ ចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងសាលា អំពីការអនុវត្តវិធានការណ៍សុវត្ថិភាពសុខភាព។

លោកសង្កត់ធ្ងន់ថា ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដំណើរការឡើងវិញ បានត្រូវអនុវត្តតាមសេចក្តីណែនាំ និងគោលការប្រតិបត្តិស្តង់ដារ សម្រាប់បើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា៕