(កំពង់ធំ)៖ លោក ឡាង សារូ អភិបាលរងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ត្រៀមបង្ការហានិភ័យចំពោះគ្រោះមហន្តរាយធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុណាមួយ។

លោក ឡាង សារូ អំពាវនាវបែបនេះ បានធ្វើឡើងក្នុងវគ្គផ្សព្វផ្សាយស្តីពីផលប្រយោជន៍នៃការផ្តល់ព័ត៌មាន គ្រោះមហន្តរាយ និងការទំនាក់ទំនងគ្នានៅក្នុងសហគមន៍មូលដ្ឋាន ក្រោមប្រធានបទ «ព័ត៌មានអាចសង្គ្រោះជីវិតរបស់អ្នកបានពីគ្រោះមហន្តរាយ» នៅថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២០ នៅសាលាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កម្មវិធីនេះ បានរៀបចំដោយគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ (AFD) ក្រោមការឧបត្ថម្ភគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក រាជរដ្ឋាភិបាលជប៉ុន និង USAID ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើន។

ជាមួយគ្នានេះ លោក ឡាង សារូ បានលើកឡើងថា ជារៀងរាល់ឆ្នាំ ទឹកជំនន់បានធ្វើឱ្យលិចលង់ភូមិដ្ឋាន និងតំបន់មួយចំនួនដែលបងប្អូនកំពុងរស់នៅ នៅពេលទឹកឡើងខ្លាំងតែយ៉ាងណាក៏ដោយលោកបានប្រាប់ទៅអាជ្ញាធរនិងមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យតាមដានជាប្រចាំ ដើម្បីរាយការណ៍ជូនអាជ្ញាធរខេត្ត ក្នុងការត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ។ ក្នុងកិច្ចការត្រៀមបង្ការទុកជាមុនបងប្អូនត្រូវមានការទុកដាក់នូវឯកសារសំខាន់ៗ សម្ភារប្រើប្រាស់មួយចំនួនស្បៀងហូបចុកជាដើម។

លោកបានបន្តថា ដោយសារប្រព័ន្ធបច្ចេកវិទ្យាទំនើបបងប្អូនគ្រាន់តែភ្ជាប់ទូរស័ព្ទទៅប្រព័ន្ធ១២៩៤ និងមានការណែនាំពីគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយពីគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយឥតគិតថ្លៃ។

លោកក៏ផ្តាំផ្ញើដល់សមាជិកទាំងអស់ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀងហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងគ្រោះមហន្តរាយធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្តាក់ រលំដើមឈើ រលំផ្ទះជាដើម ក្នុងនោះត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត។

លោក ឡាង សារូ បានផ្តាំផ្ញើដល់ឪពុកម្តាយ ត្រូវជំរុញកូនឱ្យខិតខំសិក្សារៀនសូត្រ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។ ក្នុងកម្មវិធីផ្សព្វផ្សាយមានការរៀបចំដង្ហែរតាមគោយន្ត និងតាមការណូតផងដែរ៕