(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ បានចូលរួមកាន់បិណ្ឌវេនទី៥ ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទ នៅវត្តបុទុមវត្តី តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ។

បន្ទាប់ពីពិធីប្រារព្ធកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនារួចមក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានឆ្លៀតធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទ ដោយបានសង្កត់ធ្ងន់ពីគុណតម្លៃរួមដែល យើងទាំងអស់គ្នាទទួលបានពីសុខសន្តិភាព បង្កឱកាសគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋ និងសង្គមជាតិយើងបានអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឱ្យមាតាបិតាញាតិកា ទាំង៧ សន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមក ទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥នេះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងមន្ត្រីរាជការ បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាសម្រាប់វត្តបុទុមវត្តី រួមមាន៖ សាដក់ចំនួន៣៦ ព្រមទាំងបច្ច័យ, អង្ករ ១០បាវ, មីខ្មែរ ២០កេស, ស្ករស០២បាវ, តែចំនួន៥០កញ្ចប់, ទឹកក្រូច២០កេស, ទឹកសុទ្ធ២០កេស៕