(ភ្នំពេញ)៖ ក្រុមជាប់ការសង្ស័យពាក់ព័ន្ធសកម្មភាពញុះញង់ចំនួន២០នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ ជាមួយវត្ថុតាងមួយចំនួន ក្រោយពីកម្លាំងរបស់ការិយាល័យតាមឃាត់ខ្លួនជនសង្ស័យម្នាក់ផ្សេងទៀត ហើយរកឃើញដកហូតបានថ្នាំញៀន១កញ្ចប់ធំល្មមសម្រាប់ទុកជួញដូរ។

នេះបើតាមការបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ពីសំណាក់លោកវរសេនីយ៍ឯក រ៉ិច ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក រ៉ិច ម៉ិច បញ្ជាក់ទៀតថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន១កញ្ចប់ធំល្មម ឃាត់ខ្លួនជនសង្ស័យម្នាក់ និងឈានដល់ការឃាត់ខ្លួនក្រុមញុះញង់ចំនួន២០នាក់ផ្សេងទៀតនេះ បានអនុវត្តឡើង ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវបេតុង (R6) ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោង១៖៣០នាទីរម្លងអាធ្រាតឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបករណីញុះញង់ និងករណីជួញដូរគ្រឿងញៀននេះដែរ ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង២១នាក់ ហើយរកឃើញថ្នាំញៀន១កញ្ចប់ធំល្មម គឺកម្លាំងរបស់ការិយាល័យ ក៏បានដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនទៀត មានដូចជា៖ ម៉ូតូចំនួន០៦គ្រឿង, រ៉ឺម៉កដឹកបន្លែចំនួន០១គ្រឿង, និងផាសអាប់ចំនួន០២គ្រឿង បន្ទាប់ពីទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការអនុញ្ញាត្តតាមរយៈទូរស័ព្ទពីលោក សំ ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកបន្តថា ចំពោះជនសង្ស័យទាំង២១នាក់ ពាក់ព័ន្ធសកម្មភាពញុះញង់ និងជួញដូរគ្រឿងញៀន ជាមួយវត្ថុតាងទាំងឡាយ ពេលនេះកំពុងស្ថិតក្រោមការសាកសួរ នៅការិយាល័យជុំនាញរបស់លោក ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធី៕