(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានក្រើនរំឮកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងទូទាំងត្រូវប្រទេស សូមធ្វើដំណើរនៅលើដងផ្លូវនានា ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ការក្រើនរំឮកបែបនេះ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទរាប់បាត្រ ឆ្លងវេនបិណ្ឌទី៥ និងទី៦ នៅវត្តប្រជុំទី ក្រពើហាស្ថិតនៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី៦ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

ស្ថិតនៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចនូវវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វេសប្រហែសឡើយ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថាការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកា ទាំង៧សន្តាន ដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃ ក្នុងថ្ងៃកាន់បិណ្ឌ៕