(កំពង់ធំ)៖ ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ របស់មជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូក្លីនិក» ក្រោមវត្តមានលោក ឌិន ស៊ីវុទ្ធី និងលោកស្រី ហូវ ដាណេ និង ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសុរិយា (ហៅក្ដីដូង) បានចែករំលែកសេចក្តីស្រឡាញ់ជូនបងប្អូនទីទ័លក្រ និងជូនជាអំណោយ ដល់គ្រួសារងាយរងគ្រោះចំនួន១២០គ្រួសារ ដែលអញ្ជើញមកពីស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ពិធីនេះ ត្រូវបានប្រារព្ធឡើង នៅក្នុងវត្តឌួងសូរិយា (ហៅក្តីដូង) នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៤ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងក្នុងកម្មវិធីនេះ លោកស្រី ហូវ ដាណេ បានលើកឡើងថា ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ របស់មជ្ឈមណ្ឌលកែសម្ផស្ស (ឌែម៉ូក្លីនិក) និងដើម្បីផ្សារភ្ជាប់ក្តីស្រលាញ់ ដែលយើងសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន រស់នៅមានជីវភាពទីទ័លក្រ និងគ្រួសារងាយរងគ្រោះ ដូចនេះមជ្ឈមណ្ឌលយើង នឹងរៀបចំកម្មវិធីមួយជូនអំណោយ និងផ្ដល់សម្ភារជូនពួកគាត់សម្រាប់ដោះស្រាយ បានមួយរយៈក្នុងសម័យ Covid-១៩ ហើយអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះនេះ គឺដោយមានការសហការ ជាមួយមជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូក្លីនិក» ដើម្បីរួមចំណែកជាមួយអាជ្ញាធរ ក្នុងការដោះស្រាយនូវជីវភាព ឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏ជាកុសលផលបុណ្យមួយធ្វើឲ្យយើងទាំងអស់គ្នា កាត់បន្ថយទុក្ខលំបាកផ្សេងៗផងដែរ។

ព្រះភិក្ខុធម្មបាលោ ជ សុចាយ បានសំដែងនូវការអរគុណយ៉ាងខ្លាំង ចំពោះមជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូក្លីនិក» ដែលបានយកអំណោយចែកជូន ដល់ញោមញាតិនាពេលនេះ ទោះជាអំណោយទាំងនេះ មានចំនួនតិចតួចស្តួចស្តើង ក៏ពិតមែនតែវាអាចជួយសម្រាល ដល់ភាពខ្វះខាតរបស់ញោមញាតិ ជាពុទ្ធបរិស័ទ ហើយក៏ដើម្បីរួមចំណែកជួយរំលែកទុក្ខលំបាក របស់រាជរដ្ឋាភិបាលផងដែរ។

ព្រះអង្គ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យជាសឆ្ងាយ ពីអំពើពាលាអបាយមុខទាំងបីរួមមាន ស្រី ស្រា ល្បែង ដែលធ្វើឲ្យសង្គមជាតិ និងគ្រួសារបាត់បង់ប្រាក់កាស ធ្វើឲ្យអន្តរាយដល់ខ្លួនឯង រួមទាំងធ្វើឲ្យអសន្តិសុខនៅក្នុងសង្គមទៀតផង។

ព្រះអង្គ បានមានសង្ឍដីការទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានទ្វេដង ជាពិសេស អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ក្នុងនេះ ត្រូវអនុវត្តវិធានការអនាម័យ ស្អាត ៣យ៉ាង ជាប្រចាំ, ការប្រើម៉ាស ឬកន្សែង ឬក្រម៉ា ខ្ទប់មាត់ ច្រមុះ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព និងមិនត្រូវជួបជុំមានលក្ខណៈប្រមូលផ្តុំឡើយ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា ហើយចៀសឲ្យឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង គ្រួសារនិងសង្គមជាតិ។

ក្នុងពិធីនោះ លោក និងលោកស្រី ក៏បានជូនបច្ច័យបួន ដល់ព្រះសង្ឃដែលគង់នៅវត្តឌួងសូរិយា (ហៅវត្តក្ដីដូង) ចំនួន ៣០អង្គ ក្នុងមួយអង្គចំនួន ២ម៉ឺនរៀល និងសាដកចំនួន១ ព្រមទាំងប្រគេនសម្ភារសម្រាប់វត្តដូចជា៖ អង្ករ៥បាវ មី១០កេះ ទឹកក្រូច១០កេះ ទឹកសុទ្ធ ១០កេះ និងបច្ច័យកសាងចំនួន៤លានរៀល។

គួរបញ្ជាក់ផងដែរថា ដើម្បីចែករំលែកក្តីស្រឡាញ់ ជូនបងប្អូនទីទ័លក្រចំនួន១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ ភួយ១ មី១កេះ អង្ករ១០គីឡូ ក្រាមថវិកា១ម៉ឺនរៀល និងទឹកអាកុល១ដប៕