(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានថ្លែងអំណរគុណ ដឹងគុណជានិច្ច និងកោតសរសើរចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញាស្មារតីក្នុងការបំពេញការងារបម្រើប្រជាជន និងជាតិមាតុភូមិ នាពេលកន្លងមក។

ការថ្លែងអំណរគុណបែបនេះ របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា បានធ្វើឡើងក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល លើកទឹកចិត្តសួរសុខទុក្ខ និងចែកអំណោយជូនដល់នាយ នាយរងអាវុធហត្ត ដែលមានរបួសពិការ ចូលសោធននិវត្តន៍ និងអតីតយុទ្ធជន ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គម នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០១៨-២០១៩ កាលពីចុងសប្ដាហ៍នេះ។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា ជានិច្ចជាកាលនាយឧត្តមសេនីយ៍ទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងគ្រប់រូបដោយមនទុកឱ្យលំបាកវេទនានោះឡើយ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការជូនពរជ័យក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះពីសំណាក់នាយឧត្តមសេនីយ៍ជូនចំពោះនាយ នាយរងអាវុធហត្ថចូលនិវត្តន៍ជន របួស ពិការ និងអតីតយុទ្ធជនផងដែរ។

ស្ថិតនៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីក៏បានចែកជូនអំណោយរួមមាន៖ អង្ករ ទឹកសុទ្ធ មី ទឹកសុីអុីវ ទឹកត្រី ក្រម៉ា និងថវិកាជូនអាវុធហត្ថជានិវត្តន៍ជន របួសពិការ និងអតីតយុទ្ធជនទាំងអស់ និងសូមជួបតែពុទ្ធពរ ទាំងបួនប្រការកុំបី ឃ្លៀងឃ្លាតឡើយ៕