(ភ្នំពេញ)៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយកំណត់ជាបណ្ដោះអាសន្ននូវមាត់ច្រកនាំចូលមុខទំនិញស្រា និងបារីគ្រប់ប្រភេទ។

លិខិតរបស់លោក គុណ ញឹម បានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងអាករលើមុខទំនិញដែលមានវេទយិតភាពលើចំណូល និងរួមចំណែកទប់ស្កាត់អំពើរត់គេចពន្ធ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំណត់ជាបណ្ដោះអាសន្ន នូវមាត់ច្រកនាំចូល សម្រាប់មុខទំនិញស្រា (ដែលមានជាតិអាល់កុលលើសពី១០%) និងបារី (ស្ថិតក្នុងទីតាំង ២៤.០២) គ្រប់ប្រភេទ ដូចខាងក្រោម៖

១៖ អនុញ្ញាតឱ្យនាំចូលតែតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិ លើកលែងតែការនាំចូលតាមរបបអគារលក់ទំនិញរួចពន្ធ

២៖ ការនាំចូលតាមមាត់ច្រកព្រំដែនផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា ការអនុវត្តកំណត់ជាបណ្ដោះអាសន្ននៃមាត់ច្រកនាំចូលស្រា និងបារីនេះ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០រហូតដល់មាន ការកំណត់ជាថ្មី៕