(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា បទល្មើសគ្រឿងញៀននាពេលបច្ចុប្បន្ននេះ គឺជាបទល្មើសគ្រឿងញៀនដែលធំ ហើយស្មុគស្មាញ ដែលតម្រូវឲ្យរួមគ្នាបង្ក្រាប និងទប់ស្កាត់។

ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អញ្ជើញបើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជំនាញស៊ើបអង្កេត បង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់យ៉ាងដូច្នេះថា «បទល្មើសគ្រឿងញៀនឥឡូវនេះ គឺជាបទល្មើសគ្រឿងញៀនដែលធំ ហើយស្មុគស្មាញ បើសិនជាគ្រប់គ្រងមិនបាន វាគឺជាបញ្ហាចំបង នៅក្នុងសង្គម តំបន់ និងលើពិភពលោក»

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមទៀតថា ដូច្នេះគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវធ្វើយ៉ាងណារួមគ្នាបង្ក្រាប និងទប់ស្កាប់ រាប់បទល្មើសគ្រឿងញៀន ដែលឆ្លងដែន ចូលមកប្រទេសកម្ពុជា ដើម្បីសំដៅរួមចំណែក ឲ្យកាន់តែសកម្មផុលផុសថែមទៀត។

ក្នុងវគ្គបណ្តុះបណ្តាលនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានក្រើនរំលឹក ឲ្យរក្សាគម្លាត និងការអនុវត្តអនាម័យ ដែលជាការណែនាំ របស់ក្រសួងសុខាភិបាល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រារព្ធផ្សេងៗពិសេស ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃនេះ ដើម្បីរួមគ្នាការការពារ ពីជំងឺកូវីដ១៩។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាម ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ផងដែរ។

បើតាមឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា គិតចាប់ពីបើកយុទ្ធនាការ តាំងពីដើមឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន គ្រប់សមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀន ប្រកបដោយស្មាតីមោះមុតបំផុត។

ជាលទ្ធផលគិតចាប់ពីយុទ្ធនាការលើកទី១ (ថ្ងៃទី០១ មករា ២០១៧) ដល់លើកទី៥ គិតត្រឹមថ្ងៃទី៣១ សីហា ២០២០នេះ បង្រ្កាបបាន ៣៣,១៤៧ករណី ឃាត់ខ្លួន ៦៨,៧៨៨នាក់ និងរឹបអូសគ្រឿងញៀន បាន២,១៥៧ គីឡូក្រាម។

ក្នុងនោះ អង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាសេនាធិការ បានធ្វើការបង្ក្រាបបាន៤,៣៩១ករណី ឃាត់ខ្លួន៧,៤៣៩ នាក់ និងរឹបអូសគ្រឿងញៀន បាន ១,១៥០គីឡូក្រាម កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្នុងនោះដែរ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការតស៊ូបង្ក្រាបករណីធំៗ ដែលមានបរិមាណសារធាតុញៀនចាប់១គីឡូក្រាមឡើង បានចំនួន១៨០ករណី ឃាត់ខ្លួនមេក្លោងចំនួន៨៧នាក់ ខ្សែរយៈបណ្តាញចំនួន២៨២នាក់ ជាមួយនឹងសារធាតុសរុប១,៩៣៦គីឡូក្រាម។

លើសពីនោះទៀត ព្រមទាំងបង្កកទ្រព្យសម្បត្តិ ដែលជាផលនៃបទល្មើសគ្រឿងញៀន បានចំនួន៣២កន្លែង៕