(កំពង់ឆ្នាំង)៖ ដើមឬស្សីគឺជារុក្ខជាតិម្យ៉ាង ដែលត្រូវបានច្បាប់ចាត់ទុកជាអនុផលព្រៃឈើដូចវ័រផ្ដៅផងដែរ ហើយដើមឫស្សីបានផ្ដល់អត្ថប្រយោជន៍ សម្បូរបែបរហូតរាប់ពាន់មុខមិន ចាញ់ដើមត្នោតនោះឡើយ ពិសេសគឺបានបម្រើដល់សេចក្តីត្រូវការរបស់ប្រជាកសិករខ្មែរយើងនៅតាមស្រុកស្រែចំការ ដែលមិនអាចខ្វះបាន តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។

ដើមឬស្សី និងដើមត្នោត ជាដៃគូដ៏ពិសេសដែលមិនអាចខ្វះគ្នាបាន ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករ ស្រុកស្រែចំការ ដែលត្រូវការរុក្ខជាតិទាំងពីរប្រភេទនេះជាចាំបាច់ ប្រជាកសិករដែលប្រកបមុខរបរឡើងត្នោត គឺត្រូវការដើមឫស្សី យកទៅធ្វើជាបង្អោង ធ្វើជាបំពង់ ធ្វើជាចំណងចងបង្អោង ធ្វើជាដំបៀតសម្រាប់កៀបផ្កាត្នោត ធ្វើដងកាំបិតចិត្តផ្កាត្នោត និងធ្វើជាស្នួរសម្រាប់សួរពី ដើមត្នោតមួយទៅដើមមួយទៀត ដោយមានគុណភាពយ៉ាងល្អទៀតផង។ រីឯឧបករណ៍នេសាទវិញ គេអាចយកធ្វើជាទ្រូ ធ្វើជាលប ធ្វើជាលាយ លាន់ដាក់អន្ទង់ អង្រុត ឈ្នាង ធ្វើជាសៃយឺន រែងធ្វើជាព្រួលរាំងធ្នួស ធ្វើជាទ្រុងដាក់ត្រី ឬធ្វើជាស្ប។ល។ ។

សម្រាប់ការសាងសង់ ដូចជា រោង ខ្ទម ឬលំនៅដ្ឋានខ្នាតតូច នៅតាមស្រុកស្រែចំការ គេក៏អាចយកឬស្សីធ្វើជា សសរ ធ្វើជាបង្កង់ធ្វើជារនាបគ្រែ ធ្វើជាដងកណ្ដប សម្រាប់ដេរស្លឹកត្នោត ធ្វើជាដំបូលប្រក់ផ្ទះ នឹងធ្វើជារបស់ប្រើប្រាស់ផ្សេងៗទៀតទៅតាមសេចក្តីត្រូវការរបស់ប្រជាកសិករយើង ក្នុងការកែច្នៃសម្រាប់ប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត។

មកដល់សម័យបច្ចុប្បន្ននេះ បើយោងតាមការស្រាវជ្រាវទៅលើឯកសារផ្សេងៗពាក់ព័ន្ធទៅនឹងរុក្ខជាតិដើមឬស្សីនេះបានបញ្ជាក់ថា ឬស្សីអាចផ្ដល់អត្ថប្រយោជន៍មកដល់សង្គម ជាតិយើងគឺមាន៣ផ្នែក

*ទី១៖ ផ្នែកបរិស្ថាន
*ទី២៖ គឺផ្នែកសេដ្ឋកិច្ច
*ទី៣៖ គឺសង្គម។

ចំពោះអត្ថប្រយោជន៍ផ្នែកបរិស្ថានគឺមិនខុសពីប្រភេទព្រៃឈើផ្សេងទៀតនោះទេ គឺឬស្សីអាចបង្កើតបានគម្របព្រៃពណ៌បៃតង វាអាចចូលរួមចំណែកក្នុងការកាត់បន្ថយការបម្រែ បម្រួលអាកាសធាតុ នឹងមានអត្ថប្រយោជន៍ចូលរួមក្នុងការស្រូបយកកាបោន ឌីអុកស៉ីត សេអូដឺ ហើយនិងបំភាយអុកស៊ីសែន សម្រាប់អាកាសធាតុ ក្រៅពីផ្តល់ផលប្រយោជន៍ទាំងអស់នេះផលប្រយោជន៍បរិស្ថានដទៃ ទៀតមានដូចជា៖ អាចការពារចម្រោះហើយ ក៏អាចនឹងដាំទប់ជាសំឡេងខ្យល់ព្យុះបានទៀតផង។

ពាក់ព័ន្ធទៅនឹងផ្នែកសេដ្ឋកិច្ច ឬស្សីអាចផ្ដល់ផលប្រយោជន៍ទាំងអស់ទាំងដើមទាំងស្លឹកទាំងទំពាំង បើយើងចេះធ្វើការកែច្នៃឬក៏ចាត់ ចែងជាមុខរបរមួយច្បាស់លាស់ នោះយើងនឹងបង្កើនចំណូល បានល្អ ហើយដើមឫស្សីនេះ វាក៏ងាយស្រួលក្នុងការដាំដុះផងដែរ។ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកែច្នៃអំពីដើមឫស្សីនេះ គឺមានរហូតទៅដល់ជាងបីពាន់មុខ ដែលមិនអាចរៀបរាប់អស់នោះឡើយ។

បើយោងទៅតាមការរៀបរាប់របស់លោកបណ្ឌិត លី ម៉េងហៀង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាន់ និងព្រៃឯកជន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលលោកបានផ្ដល់បទសម្ភាសន៍ជាមួយ នឹងទូរទស្សន៍ក្នុងស្រុកកន្លងមកឲ្យដឹងថា បើតាមស្ថិតិនៃការស្រាវជ្រាវរបស់អង្គការ (អកស្វាម ហុងកុង) បានធ្វើការសិក្សា ស្រាវ ជ្រាវកាលពីឆ្នាំ២០១៧ បានបញ្ជាក់ថា គឺមានប្រទេស ចំនួន៣ មានកម្ពុជា ឡាវ និងវៀតណាម ក្នុងមួយឆ្នាំប្រជាពលរដ្ឋទាំង៣ប្រទេសនេះ អាចរកចំណូលពីដើមឫស្សីបានជាង ១ពាន់២រយលានដុល្លារ ក្នុងមួយឆ្នាំ និងអាច បង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើបានជាង ១លាន២សែនកន្លែងផងដែរ។

ចំណែកនៅប្រទេសកម្ពុជាយើងវិញ គឺមានឬស្សីដុះ និងដកហូតការប្រើប្រាស់ជាលក្ខណៈគ្រួសារ នៅតាមបណ្ដាខេត្តក៏បានចូលរួម ចំណែកក្នុងការរកចំណូលសម្រាប់បង្កើនជីវភាពពលរដ្ឋបានច្រើន ដូចជាប្រភេទវ័ល្លផ្ដៅ និងប្រភេទឈើផ្សេងៗទៀតផងដែរ។

កន្លងមក គឺបន្ទាប់ពីបានសិក្សាស្រាវជ្រាវនៅ ក្នុងឆ្នាំ២០១៤ ក្នុងប្រទេសកម្ពុជារបស់យើង ការប្រមូលអនុផលព្រៃឈើ ពីឬស្សីមានប្រមាណ៣២ម៉ឺន១ពាន់គ្រួសារ ដែលបានទទួលផល ប្រយោជន៍ពីឬស្សី ខណៈដែលមានដើមឬស្សីរបស់យើងអាចដុះនៅតាមបណ្ដាខេត្តមានប្រមាណជាង ១៣ម៉ឺនហិកតា ចំនួននេះមានការថយចុះ បើប្រៀបធៀបទៅនឹងចន្លោះទសវត្សរ៍ឆ្នាំ ៥០និង ៧០។

រីឯពូជឬស្សីនៅក្នុងប្រទេសកម្ពុជាយើងវិញ គឺមានរហូតដល់១១ពូជ ហើយបច្ចុប្បន្នក៏បានសហការជាមួយប្រទេសដទៃទៀត ដើម្បីសិក្សាស្រាវជ្រាវពូជឬស្សីផ្សេងទៀត ដែលដុះនៅតាមជួរភ្នំក្រវាញ ដែលមិនទាន់បានដាក់ ឈ្មោះខ្មែរឲ្យបានច្បាស់លាស់នៅឡើយ។

ដោយឡែកផ្នែកសង្គមយើងអាចដាំឬស្សីធ្វើជាសួនលំហែកាយ ឬដាំធ្វើជាម្លប់សម្រាប់អង្គុយលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍នានា ពិសេសជាងនេះទៅទៀតនោះ ដើមឬស្សីក៏អាចប្រើប្រាស់ក្នុងវិស័យយោធាបានផងដែរ ជាក់ស្ដែងកាលពីអតីត កាល ប្រវត្តិសាស្រ្តសម័យលង្វែក គេដាំដើមឬស្សីព្រៃ សម្រាប់ធ្វើជារបងការពារបន្ទាយ ទាហាន មិនឱ្យសត្រូវចូលមកយាយីបានដោយងាយស្រួលទៀតផង។

លោកក៏បានបញ្ជាក់ថា ឬស្សីគឺមានអត្ថប្រយោជន៍ជាច្រើនទាំងបរិស្ថាន សេដ្ឋកិច្ច និងសង្គម ប៉ុន្តែមិនត្រូវបានប្រជាពលរដ្ឋខ្មែរយើង ចាប់អារម្មណ៍នឹងយកចិត្តទុកដាក់នោះឡើយ ដើមឬស្សីបើប្រជាពលរដ្ឋយើងចេះកែច្នៃនោះ យើងនឹងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីអត្ថប្រយោជន៍ដើមឫស្សីនេះ ហើយក៏មិនពិបាកក្នុងការដាំដុះ និងថែទាំនោះដែរ។

នៅក្នុងវិស័យឧស្សាហកម្ម ដើមឬស្សីក៏អាចយកទៅធ្វើវត្ថុធាតុដើមដ៏សំខាន់បំផុត ដូចជាការកែឆ្នៃ ធ្វើជាក្រដាសសរសេរដែលជាប្រភេ ទលេខ១ និងអាចយកទៅកៀបធ្វើជាក្តាបន្ទះ ក្តាប៉ាកកេ គ្រឿងសង្ហារឹមសម្រេច។ នៅក្នុងផ្នែកវប្បធម៌គេអាចយកឬស្សីទៅធ្វើជាឧបករ ណ៍ភ្លេងបានជាច្រើនមុខ ដូចជាខ្លុយ ប៉ី រនាត និងឧបករណ៍ភ្លេងខ្មែរជាច្រើនមុខទៀត។

រីឯទំពាំងឬស្សីមានឱជារស ហើយសម្បូរ ទៅដោយវីតាមីនជាច្រើន ដោយសារទំពាំងគឺមានជាតិហ្វៃប័រ ដែលគេអាចយកវាទៅធ្វើជាបន្លែ គ្រឿងកំប៉ុង ឬជ្រក់ទុកទទួលទានបានយូរអង្វែងទៀតផង រីឯស្លឹកឬស្សី អាចយកទៅផលិតបម្រើនៅក្នុងវិស័យសុខាភិបាល ដែលអាចកែច្នៃធ្វើជាឱសថ ឬធ្វើជាឡេជាដើម ឬស្សីបច្ចុប្បន្ននៅក្នុងប្រទេសចិន គេអាចយកវាទៅកែច្នៃធ្វើជាក្រណាត់ បានយ៉ាងស្រស់ប្រណិតផងដែរ៕