(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតជនជាតិចិន និងជនជាតិចិន នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចលើភ្នំមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកញ្ញានេះថា មុនឈានដល់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានទទួលទូរស័ព្ទពីជនជាតិចិនម្នាក់ ឈ្មោះ ZHANG KUN DUAN ថាមានគេកំពុងជួញដូរគ្រឿងញៀន នៅទីតាំងខាងលើ។

បន្ទាប់ពីបានទទួលបណ្ដឹងរួច កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ លុះពេលទៅដល់សមត្ថកិច្ចបានឃើញជនជាតិចិនម្នាក់ ជាប់ចំណងដោយដៃទាំងសង្ខាងត្រូវគេរុំស្កុត ដោយមានស្នាមរបួស ហើយមានម្សៅសមួយថង់ (សង្ស័យជាសារធាតុញៀន) នៅក្នុងកាបូបរបស់ជនជាតិចិននោះ បន្ទាប់មកបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

ក្រោយពីសួរនាំរួចទើបដឹងថា ករណីនេះ គឺជាល្បិចរបស់ជនសង្ស័យ ដែលបានចាប់ជនរងគ្រោះជំរិតទារប្រាក់ រួចប្រើល្បិចដាក់គ្រឿងញៀន ចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីទម្លាក់កំហុសមកលើជនរងគ្រោះ ប៉ុន្តែសមត្ថកិច្ចបានត្រួតពិនិត្យម្សៅសនោះ បញ្ជាក់ថា មិនមែនជាសារធាតុញៀនទេ។ បន្ទាប់មកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ZHANG KUN DUAN អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន ជាប់នឹងខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជាអ្នកទូរស័ព្ទមកបោកសមត្ថកិច្ច) និងជនរងគ្រោះជាជនជាតិចិនដូចគ្នា ឈ្មោះ HU DAO LONG អាយុ៣៥ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅរាជធានីភ្នំពេញ មានស្នាមរងរបួសដៃ ជើង និងក។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃម៉ាក iPhone7 ពណ៌ខ្មៅ មួយគ្រឿង, ទូរស័ព្ទដៃម៉ាក SAMSUNG ពណ៌មាស (របស់ជនរងគ្រោះ) មួយគ្រឿង, កាបូបស្ពាយមួយ (របស់ជនរងគ្រោះ), ម្សៅសមួយកញ្ចប់ និងលុយ១៦០ដុល្លារ។ ករណីនេះកម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតីវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕