(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនយុវជនទាំង ៣នាក់ ដែលអះអាងថាជាអ្នកការពារបរិស្ថាន គឺលោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មីញ្ញា ដាក់ពន្ធនាគារជាបណ្តោះអាសន្នសិន ដើម្បីបន្តនីតិវិធី។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ចប់ការស៉ើបសួរ និងសម្រេចចោទប្រកាន់ជនសង្ស័យទាំង ៣នាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមយុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយមុនឈានទៅដល់ការ ចាប់ខ្លួនក្រុមយុវជនទាំងនោះ ដោយសារតែសមត្ថកិច្ច យោងតាមការបង្ហោះវិដេអូរបស់ពួកគេ នៅលើ Facebook ឈ្មោះ Mother Nature Cambodia។

ការចាប់ឃាត់ខ្លួន អ្នកទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយ គឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។ យុវជន ថុង រដ្ឋា ត្រូវបានចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវិដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត។

ពួកគេទាំង៣នាក់ ធ្វើសកម្មភាពបង្ហាញពីការគាំទ្រ និងស្រឡាញ់បរិស្ថាន ប៉ុន្តែទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម៕