(ប៉ៃលិន)៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ចេង ញ៉ាន, លោក ឃ្លោក នួយ អភិបាលរងខេត្ត និងក្រុមការងារ បានញ្ជើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគ និងការរៀបចំថ្នាក់រៀន សម្រាប់ដំណើរការចូលរៀនឡើងវិញ តាមស្តង់ដា ក្នុងបរិបទជម្ងឺកូវីដ-១៩ នៅសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានឱ្យដឹងថា ដើម្បីដំណើរការចូលរៀនឡើងវិញ តាមស្តង់ដា ក្នុងបរិបទជម្ងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃ និងតម្រូវឱ្យ ការរៀបចំបរិស្ថានល្អ មានអនាម័យ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបាញ់ថ្នាំសម្លាប់មេរោគ បំពាក់ឧបករណ៍ស្តង់ដារ គ្រូបង្រៀន និងសិស្សត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ មុនបើកដំណើរការសាលា។

អភិបាលខេត្ត បានលើកឡើងថា ការធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺដើម្បីសម្លាប់មេរោគ Covid-19 និងមេរោគផ្សេងៗទៀត ដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់ ប្រជាពលរដ្ឋពីបញ្ហាជំងឺ Covid-19 និងជាសារអប់រំណែនាំដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ឱ្យយល់កាន់តែច្បាស់ថែមទៀត អំពីជំងឺ Covid-19 ហើយចេះការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺ Covid-19នេះ នៅក្នុងសហគម។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់សិស្សានុសិស្ស និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យ និងសុខមាលភាព ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬសាប៊ូអោយបានញឹកញាប់ ពេលទៅណាមកណា ឬនៅទីប្រជុំជន ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ជានិច្ច ហើយត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់។

សូមបញ្ជាក់ថា សាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន នឹងបើកឱ្យដំណើរការចូល រៀន ឡើង វិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដោយអនុវត្តតាមស្តង់ដា ក្នុងបរិបទជម្ងឺកូវីដ-១៩ ហើយយុទ្ធនាការ បាញ់សម្លាប់មេរោគ Covid-19 និងមេរោគផ្សេងៗទៀត នៅតាម សាលា រៀន នេះ គឺជាកិច្ចសហការរវាង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសុខាភិបាលខេត្តប៉ៃលិន ក្រោមការយកចិត្តទុកដាក់ និងចង្អុល បង្ហាញ ពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល ដោយប្រើប្រាស់ ម៉ាស៊ីនសម្រាប់បាញ់ចំនួន២៕