(កំពង់ឆ្នាំង)៖ ទីអារាមមួយកន្លែង ដែលមានឈ្មោះថា វត្តសម្ដេច នន្ទ ង៉ែត សែនជ័យ សត្ថារាម ហៅវត្តក្រឡាញ់ចាស់ ស្ថិតនៅក្នុងភូមិ ស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ពុទ្ធបរិស័ទ ទៅកាន់បិណ្ឌនៅទីអារាមនេះផង។

នៅក្នុងពិធីកាន់បិណ្ឌវេនទី២ កន្លងទៅថ្មីៗនេះ លោកគ្រូព្រះចៅអធិការវត្តខាងលើនេះបានផ្សព្វផ្សាយ តាមបណ្ដាញសង្គមថា វត្តនេះមានការអត្តខាត់ (មិនគ្រប់គ្រាន់) ចំពោះពុទ្ធបរិស័ទ ដែលទៅកាន់បិណ្ឌនៅទីអារាមនេះ ហើយព្រះសង្ឃគង់នៅចាំព្រះវស្សាដែលមានចំនួន៤អង្គ ក៏ពុំសូវសម្បូរចង្ហាន់ដូចវត្តដទៃនោះដែរ។

បន្ទាប់ពីទទួលបានព័ត៌មាន តាមបណ្ដាញសង្គម ដែលជាសំណេររបស់លោកគ្រូព្រះចៅអធិការវត្តខាងលើនេះរួចមក នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី៣ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅដល់ទីអារាមខាងលើនេះដោយផ្ទាល់ និងបានជួបជាមួយប្រជាពុទ្ធបរិស័ទ គណៈកម្មការ អាចារ្យ និងព្រះគ្រូព្រះចៅអធិការវត្តព្រះនាម ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី សុំការផ្តល់បទសម្ភាស។

លោកគ្រូព្រះចៅអធិការ មានសង្ឃដីកាឲ្យដឹងថា នៅក្នុងវត្តសម្ដេច នន្ទ ង៉ែត សែនជ័យ សត្ថារាម រាល់ឆ្នាំមានពុទ្ធបរិស័ទមកកាន់វេននៅទីអារាមនេះបានចំនួនតែ២ វេនប៉ុណ្ណោះ។ ដោយឡែកឆ្នាំនេះ ពុទ្ធបរិស័ទបានមកកាន់វេនបានចំនួន ៥វេន ដូច្នេះត្រូវនៅខ្វះ១០វេនទៀត ហើយរាល់ឆ្នាំគឺព្រះអង្គផ្ទាល់ដែលជាអ្នកទទួលវេន ខណៈឆ្នាំនេះបើមិនមានពុទ្ធបរិស័ទមកទទួលកាន់វេណនោះទេ គឺភារៈនេះធ្លាក់មកលើព្រះអង្គដូចរាល់ឆ្នាំទៀតមិនខានឡើយ។

ព្រះអង្គសូមអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលលោកមានសទ្ធាជ្រះថ្លាក្នុងការទទួលវេនកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិយើង តាំងពីដូនតាមកនោះ អញ្ជើញមកទទួលវេននៅទីអារាមនេះ ទៅតាមទឹកចិត្តជ្រះថ្លា។

«ពិសេសក្រែងមានញាតិញោមពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ចង់ចូលរួមបច្ច័យក្នុងការកសាងសាលាឆាន់ ដែលព្រះអង្គរួមទាំងពុទ្ធបរិស័ទ បាននិងកំពុងតែកសាង ៣០ភាគរយហើយ»។ នេះជាសង្ឃដីកាបញ្ជាក់ ពីព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី។

លោកអាចារ្យព្រះនាម អាចារ្យ សុគុណ ក៏បានឲ្យដឹងផងដែរថា វត្តនេះតាមពិតទៅមិនមែនពុំមានចង្ហាន់ប្រគេនដល់ព្រះសង្ឃនោះទេ គ្រាន់តែនៅក្នុងរដូវកាន់បិណ្ឌនេះ ពុំសូវមានពុទ្ធបរិស័ទមកកាន់វេន ដោយសារតែនៅក្នុងភូមិនេះ មានវត្តចំនួនពីរ គឺវត្តក្រឡាញ់ចាស់១ និង២ វត្តក្រឡាញ់ថ្មី។

លោកអាចារ្យបន្តថា ចំណែកវត្តក្រឡាញ់ថ្មី គឺទើបតែនឹងសាងសង់នៅក្រោយថ្ងៃរំដោះ៧ មករា ដែលបានសាងសង់នៅក្បែរភូមិ ដែលមានប្រជាពលរដ្ឋរស់នៅ គឺភូមិស្រងាំទេ មានចម្ងាយពីវត្តនេះជាង ៣គីឡូម៉ែត្រ ហេតុនេះពុទ្ធបរិស័ទ ពុំសូវបានមកកាន់វេន និងប្រគេនចង្ហាន់ព្រះសង្ឃនៅក្នុងវត្តនេះប៉ុន្មានទេ ដោយសារតែពួកគាត់រស់នៅឆ្ងាយពីទីអារាមនេះ។ ម្យ៉ាងនៅក្បែរលំនៅដ្ឋានរបស់ពួកគាត់ ក៏មានវត្តថ្មីមួយហើយដែរ ហើយវត្តនេះផងដែរ អ្នកដែលដឹកនាំការកសាងវត្តនេះឡើង គឺសម្ដេចសង្ស នន្ទ ង៉ែត ដែលព្រះអង្គបានផ្ដើម គំនិតក្នុងការកសាងតាំងពីឆ្នាំ ២០០៧មកម្ល៉េះ៕