(ភ្នំពេញ)៖ ជនដៃដល់ដែលធ្វើសកម្មភាពកាប់ប្រហារជាច្រើនកាំបិត និងជះទឹកអាស៉ីតទៅលើស្ដ្រីម្នាក់ បណ្ដាលឲ្យរងរបួសស្ទើរស្លាប់ស្ទើររស់ កាលពីឆ្នាំ២០១៩ នៅស្រុកបាទី ខេត្តតាកែវ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការតាមចាប់ខ្លួនបានហើយ នៅស្រុកសំឡូត ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចភូមិចំលងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះគឺអនុវត្តតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ និងដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង ទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ប្រតិបត្តិការកាលពីម្សិលមិញ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ប៉ៃលិន និងខេត្តបាត់ដំបង ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ១០៤/២០២០ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ និងឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ គប់ ផា អាយុ៤៣ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ០១គ្រឿង ម៉ាក HONDA WAVE មិនស្គាល់ឆ្នាំផលិត ពាក់ស្លាកលេខភ្នំពេញ1AH-3125។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនដៃដល់ឈ្មោះ គុប ផា បានធ្វើសកម្មភាព យកកាំបិតតាំងតោ កាប់ប្រហារលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលឲ្យដាច់កដៃ និងជះទឹកអាស៉ីតពីលើបន្ថែមទៀត នៅត្រង់ចំណុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕