(ព្រះសីហនុ)៖ ដោយអនុវត្តន៍តាមបទបញ្ជា របស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង បានដឹកនាំក្រុមការងាររួមមានថ្នាក់ដឹកនាំរបស់មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជកម្ម, នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ និងសហការី បើកកិច្ចប្រជុំនៅខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងពង្រឹងវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ។

កិច្ចប្រជុំនេះ ដើម្បីពង្រឹងវិធានការ បង្ក្រាបបទល្មើស នៅខេត្តព្រះសីហនុ បានធ្វើឡើងនាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរខេត្ត ព្រមទាំងកម្លាំងជំនាញពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

* អង្គប្រជុំផ្ដោតសំខាន់ លើសភាពការណ៍បទល្មើស កិច្ចប្រតិបត្តិការបង្ក្រាបក្នុងតំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
* អង្គប្រជុំបានពិភាក្សាជុំវិញបទល្មើសកើតឡើងថ្មីៗ ដែលភាគច្រើនបង្កដោយជនល្មើសជាជនជាតិចិន ក្នុងនោះនៅបានពិនិត្យលើកបទពិសោធន៍ បញ្ហាលំបាកចំណុចប្រឈម និងសំណូមពរ។

អង្គប្រជុំក៏បានឯកភាពគ្នាបន្ថែមទៀតលើ ៣ចំណុចរួមមាន៖

ទី១៖ បន្តនាំគ្នាអនុវត្តន៍តាមការដឹកនាំរបស់រាជរដ្ឋាភិបាល សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រឆាំងជំងឺកូវីដ១៩។

ទី២៖ ក្នុងស្មារតីអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍» របស់សម្ដេចក្រឡាហោម ទាំងអស់គ្នាខិតខំអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពតាមផែនការណែនាំ របស់អគ្គស្នងការនគរបាលជាតិ ស្ដីពី ការងារបង្ការបង្ក្រាបបទល្មើសជាពិសេសផែនការឆមាសទី២ ឆ្នាំ២០២០។

និងទី៣៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នើសុំកិច្ចសហការដឹកនាំពីនាយកដ្ឋានជំនាញ ដើម្បីរួមគ្នាដំណើរការស្រាវជ្រាវបង្ក្រាប៕