(ភ្នំពេញ)៖ ដោយសារមានកំណើនសេដ្ឋកិច្ច និងមានតម្រូវការចាំបាច់ជាច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនបើកអាជីវកម្មនានា ដើម្បីចាប់យកឱកាសមាសប្រាក់នេះ។ ទន្ទឹមនឹងនេះ ដើម្បីបង្កើន ឬពង្រឹងអាជីវកម្ម និងសម្រេចគោលបំណងរបស់ខ្លួនបាន ប្រជាពលរដ្ឋបានទៅខ្ចីប្រាក់ពីសាច់ញាតិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារជាអាទិ៍។

នៅពេលមានការកម្ចីប្រាក់បែបនេះ ជាទូទៅម្ចាស់បំណុល (អ្នកឱ្យខ្ចី) តែងតែតម្រូវឱ្យកូនបំណុល (អ្នកខ្ចី) ដាក់តម្កល់ធានានូវទ្រព្យសម្បត្តិ (វត្ថុ) មកឱ្យខ្លួន។ ក្រោយពីកូនបំណុលបានខ្ចីប្រាក់ ពីម្ចាស់បំណុលរួចមក ស្រាប់តែកូនបំណុលខកខាន ឬមិនបានបង់ការប្រាក់ ឬ/និងប្រាក់ដើមមកឱ្យម្ចាស់បំណុលទៅតាមកាលកំណត់ទេ ជាពិសេស កូនបំណុលបានបង្វែរវត្ថុរឹបអូស ឬដាក់ធានានោះទៅឱ្យជនទី៣ផងដែរ។ ដូចនេះ ថាតើកូនបំណុលត្រូវបានផ្តន្ទាទោសដែរ ឬទេ ចំពោះទង្វើខាងលើនេះ?

ដើម្បីជ្រាបកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS បានសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការបង្វែរវត្ថុរឹបអូស ឬដាក់ធានា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ ដូចតទៅ៖

យោងតាមមាត្រា ៣៩៧ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា «ការបង្វែរវត្ថុរឹបអូស ឬដាក់ធានា គឺជាអំពើរបស់កូនបំណុលដែលគៃបំបាត់ ឬបំផ្លាញវត្ថុដែលបានឃាត់ទុក ឬរឹបអូស ដោយអាជ្ញាធរមាននីតិសម្បទា ឬ ដាក់ដើម្បីធានានូវសិទ្ធិលើបំណុល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ទៅ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល»។

ដើម្បីយល់កាន់តែច្បាស់អំពីខ្លឹមសារនៃមាត្រានេះ សូមលើកឧទាហរណ៍ដូចខាងក្រោម៖

ឧទាហរណ៍៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លោក “ក” (កូនបំណុល) បានខ្ចីប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិកពីធនាគារមួយកន្លែង (ម្ចាស់បំណុល) ដោយមានភ្ជាប់ការប្រាក់ និងការប្រាក់យឺតយ៉ាវទៅតាមច្បាប់កម្រិត ព្រមទាំងបានដាក់តម្កល់ធានាផ្ទះមួយកន្លែង ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង (ប្លង់ទន់) ទៅឱ្យម្ចាស់បំណុល ដែលថ្ងៃកំណត់ត្រូវសងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គួរបញ្ជាក់ផងដែរ ផ្ទះខាងលើនេះមាន ប្លង់ទន់ចំនួន ២ច្បាប់ ប៉ុន្តែកូនបំណុលមិនបានប្រាប់ និងដាក់តម្កល់ទៅឱ្យម្ចាស់បំណុលទាំងពីរច្បាប់នោះទេ។ មួយរយៈក្រោយមក កូនបំណុលបានលក់ និងបានផ្ទេរសិទ្ធិ (ប្លង់ទន់) នូវផ្ទះខាងលើនេះទៅឱ្យលោក “ខ” ជាអ្នកទិញសុច្ចរិត។ ទង្វើរបស់លោក “ក” ជាកូនបំណុល បានធ្វើឱ្យបាត់នូវវត្ថុដែលបានដាក់ដើម្បីធានានូវសិទ្ធិលើបំណុល ដែលម្ចាស់បំណុលមានចំពោះខ្លួន ដែលធ្វើឱ្យខូចប្រយោជន៍ដល់ម្ចាស់បំណុលយ៉ាងធ្ងន់ធ្ងរ។

ដូចនេះ លោក “ក” នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ដូចមានចែងក្នុងមាត្រា ៣៩៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិម (បទល្មើសខាងលើ) នេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ តាមមាត្រា ៣៩៨ នៃក្រមព្រហ្មទណ្ឌ។

សរុបសេចក្តីមក ការប្រព្រឹត្ត ឬការប៉ុនប៉ងក្នុងការប្រព្រឹត្តអំពើខាងលើនេះ សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្របតាមបញ្ញត្តិមាត្រា ៣៩៧ និងមាត្រា ៣៩៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ http://www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕