(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ចប់ការស៊ើបសួរនឹងសម្រេចចោទប្រកាន់៣នាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ហើយបានបញ្ជូនរឿងទៅចៅក្រមស៊ើបតាមនីតិវិធី នេះបើយោងតាមមន្ត្រីសាលាដំបូងបានឲ្យអង្គភាពព័ត៌មានដឹងនៅព្រឹកថ្ងៃដដែលនេះ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នគបាលការិយាល័យសន្តិសុខនៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនយុវជនជនចំនួន៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសន្តិសុខ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ។

សូមបញ្ជាក់ផងដែរថា ក្រុមយុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយមុនឈានទៅដល់ការ ចាប់ខ្លួនក្រុមយុវជនទាំងនោះ ដោយសារតែសមត្ថកិច្ច យោងតាមការបង្ហោះវិដេអូរបស់ពួកគេនៅលើ Facebook នេះបើយោងតាមមន្ត្រីនគរបាល ប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីរសៀលថ្ងៃម្សិលមិញ។

យុវជនទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។

យុវជន ថុង រដ្ឋា ត្រូវបានចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវិដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត។

ពួកគេទាំង៣នាក់ ធ្វើសកម្មភាពបង្ហាញពីការគាំទ្រ និងស្រឡាញ់បរិស្ថានគ្រាន់តែជាលេស ប៉ុន្តែទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម នេះបើយោងតាមមន្ត្រីនគរបាលថ្លែងបញ្ជាក់យ៉ាងដូច្នេះប្រាប់អង្គភាពព័ត៌មាន Fresh News៕