(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានដឹកនាំគណៈប្រតិភូចុះជួបប្រជាពលរដ្ឋ នៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាទីដែលលោក រ៉ុង ឈុន មុនពេលចាប់ខ្លួនបានអះអាងថា មានប្រជាពលរដ្ឋបាត់ដី ដោយសារការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម។

ដំណើរចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខាងលើនេះ មានការចូលរួមពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, អ្នកសារព័ត៌មាន ព្រមទាំង មន្រ្តី កម្លាំងប្រដាប់អាវុធនៅមូលដ្ឋានជាច្រើនរូបទៀត។

បេសកកម្មនេះ បានធ្វើឡើងបន្ទាប់ពីមានការណែនាំ និងបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឱ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ កាលពីកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កន្លងទៅនេះ។

លោក វ៉ា គឹមហុង បានបញ្ជាក់ពីគោលដៅបេសកម្មរបស់ លោកយ៉ាងដូច្នេះថា៖ វត្តមានរបស់លោក នៅឃុំត្រពាំងផ្លុងពេលនេះ ដើម្បីសួរនាំប្រជាពលរដ្ឋឱ្យដឹងការពិត ដើម្បីឈានទៅរកដំណោះស្រាយចំពោះពួកគេ ហើយបេសកកម្មនេះ ធ្វើឡើងបន្ទាប់ពីមានការបញ្ជាពីសម្តេចតេជោ ហ៊ុន សែន។

ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ១១គ្រួសារ នៅថ្ងៃនេះ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានសាកសួរអំពីសុខទុក្ខប្រជាពលរដ្ឋទាំងនោះ។ លោកបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបញ្ចេញមតិ និងកង្វល់ ដើម្បីស្វែងរកដំណោះស្រាយ។ ជាការឆ្លើយតប ប្រជាពលរដ្ឋ១១គ្រួសារ ដែលកន្លងទៅចាញ់ការឃោសនារបស់ លោក រ៉ុង ឈុន បានអះអាងថា ពួកគាត់មិនមានការបាត់បង់ដី ដោយសារការបោះបង្គោលព្រំដែនឡើយ ហើយកន្លងទៅពួកគាត់ក៏និយាយថា មិនមានបាត់បង់ដីដែរ ប៉ុន្តែបែរជាមានសេចក្តីថ្លែងការណ៍ថា ពួកគាត់បាត់បង់ដីទៅវិញ។

លោកស្រី ហាក់ ម៉ៃហ៊ន រស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោកស្រីពិតជាបានជួប លោក រ៉ុង ឈុន មែនកាលពីខែកក្កដា កន្លងទៅនេះ ប៉ុន្តែនៅពេលដែលជួបនោះ លោកស្រីមិនបាននិយាយថា បាត់ដីនោះទេ។

លោកស្រីបានអះអាងថា ដីរបស់លោកស្រី នៅខាងលិចខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាំ-វៀតណាម ដែលពេលនេះកំពុងទទួលអំណោយផលពីការអភិវឌ្ឍនៅព្រំដែន ដូចជាការធ្វើផ្លូវ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ហើយដីនេះមិនបានបាត់ដូចអ្វីដែលលោករ៉ុង ឈុន ថ្លែងការណ៍នោះទេ។

ជាមួយគ្នានេះ ពលរដ្ឋម្នាក់ទៀតឈ្មោះ ផានី ក៏បានអះអាងដែរថា ខ្លួនពុំមានការបាត់ដី ដូចការប្រកាសរបស់ លោក រ៉ុង ឈុនដែរ។ ប៉ុន្តែលោកបានសំណូមពរឱ្យរាជរដ្ឋាភិបាល ធ្វើប្លង់កម្មសិទ្ធិដីឱ្យលោកស្រី។ ទន្ទឹមនឹងនេះ លោកស្រីក៏បានស្នើសុំដី ដែលភាគីកម្ពុជានឹងទទួលបានពីការបោះបង្គោលព្រំដែន ដោយសារតែដីទាំងនោះ មិនទាន់មានម្ចាស់កម្មសិទ្ធិ ដែលនឹងក្លាយទៅជាដីរដ្ឋ នៅពេលខាងមុខនេះ។

ដោយឡែកពលរដ្ឋម្នាក់ទៀត ឈ្មោះ ឈា ធួន រស់នៅភូមិឃុំខាងលើនេះ ដែលបានចូលរួមតវ៉ាទាមទារដីជាមួយយុទ្ធនាការរបស់ លោក រ៉ុង ឈុន នៅតំបន់ព្រំដែននេះ បានបញ្ជាក់ឡើងវិញថា លោកមិនមានដីនៅតំបន់ព្រំដែននេះទេ ដោយលោកមានបងជាអ្នកមានដីនៅតំបន់ព្រំដែននេះ ហើយដីរបស់បងលោក ក៏មិនបានបាត់បង់ដែរ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានវាយតម្លៃថា ចំពោះករណីនេះ ប្រជាពលរដ្ឋមិនបានបាត់ដីទេ ប៉ុន្តែគាត់អាចចាញ់បោក ការញុះញង់របស់ជនមួយចំនួន។

លោកបានអះអាងថា «ខ្ញុំក្តាប់បានថា នៅពេលដែលគណៈកម្មាធិការព្រំដែន ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឹមហុង គាត់បានបោះបង្គោលហើយ វាមានដីសល់ដែលមិនមានម្ចាស់ ប៉ុន្តែដីដែលសល់នេះជាដីរបស់រដ្ឋទេ ហើយដោយសារពលរដ្ឋឃើញដីនោះ គឺគិតថាដីនេះមិនមាននរណាកាន់កាប់ គាត់ក៏ស្នើសុំក្រសួងរៀបចំដែនដី ឱ្យកាត់ទៅឱ្យគាត់»

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានសំណូមពរដល់ពលរដ្ឋ ឱ្យបន្តជឿជាក់លើ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយរាជរដ្ឋាភិបាលធានា មិនឱ្យមានការបាត់បង់ឡើយ ជាមួយនឹងការធ្វើការប្រកបដោយភាពម៉ត់ចត់ និងស្មារតីការពារបូរណភាពទឹកដី។

លោកបានបញ្ជាក់ថា ៖ «យើងមិនមែនធ្វើលេងសើចទេ ធ្វើការងារព្រំដែនមានថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់កណ្តាលថ្នាក់មូលដ្ឋាន ដូច្នេះយើងដឹង នរណាធ្វើអ្វីៗក៏យើងដឹងដែរ ដូច្នេះខ្ញុំសូមឱ្យប្រជាពលរដ្ឋយើងជឿជាក់ នៅលើអ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើ ដែលយើងធ្វើនេះធ្វើដោយម៉ត់ចត់ ធ្វើដោយត្រឹមត្រូវ ដោយស្មារតីការពារបូរណភាពទឹកដី មិនឱ្យបាត់ ដូចសម្តេចតេជោ លោកបានមានប្រសាសន៍ថា ១មីលីម៉ែត្រ ក៏លោកមិនឱ្យបាត់ទេ»

អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ បានថ្លែងអំណរគុណដល់ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង និង លោកស្រី កុយ ពិសី ដែលបានចុះដោះស្រាយ និងពន្យល់ប្រជាពលរដ្ឋទាំងអស់ ហើយអ្វីដែលលោករីករាយ គឺពលរដ្ឋខ្មែរបានបញ្ជាក់ច្បាស់ថា ដីមិនមានបាត់បង់ទេ មានតែកើតឡើងថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

លោកបានបន្តទៀតថា៖ «អ្វីដែលយើងមានព្រំប្រទល់ និងខណ្ឌសីមាជាក់លាក់នេះហើយ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំនឹងជម្រាបជូនបងប្អូនដើម្បីធ្វើការអភិវឌ្ឍ ធ្វើស្រែធ្វើចម្ការទៅ បើយើងមានដីពិតប្រាកដហើយ ព្រោះកន្លងទៅចំណុចខ្លះយើងមិនហ៊ានទេ ឥឡូវនេះយើងមានព្រំដែនពិតប្រាកដជាមួយប្រទេសជិតខាង បានក្លាយជាឱកាសមាស សម្រាប់បងប្អូនរបស់យើង ហើយការអភិវឌ្ឍប្រទេសជាតិរបស់យើងនេះហើយ បានធ្វើឱ្យដីរបស់យើងគ្រប់កន្លែងកើនឡើងតម្លៃ»

លោកបន្តថា ការកើនឡើងតម្លៃដីនេះ បានរួចចំណែកធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានជីវភាពធូរធាផងដែរ។

ព្រំដែនខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកគាំទ្រអតីតក្រុមប្រឆាំង លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ចុះទៅញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការបោះបង្គោលព្រំដែន។ ទោះជាយ៉ាងនេះក្តី ទាំងលោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ សុទ្ធតែត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការបានចោទប្រកាន់លោក រ៉ុង ឈុន ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងចោទប្រកាន់ លោក សួង សុភ័ណ្ឌ ពីបទញុះញង់ឲ្យមានភាពវឹកវរ និងបង្ករអសន្តិសុខ ដល់សង្គមជាតិ ហើយសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕