(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញមកពិនិត្យ ការលូតលាស់ ដាំដំឡូងមីពូជ KU50 ដែលលោករដ្ឋមន្ដ្រី បានដាំកាលពីថ្ងៃទី៣០ ខែឧសភា នៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ចំការលើ ក្នុងខេត្តកំពង់ចាម។

រយៈពេល៣ខែ ឃើញថា ដំណាំដំឡូងមី កំពុងលូតលាស់បានល្អ លោករដ្ឋមន្ត្រី វេង សាខុន រីករាយទទួលយកនូវលទ្ធផល សាកពិសោធន៍ពូជដំឡូងមីនេះ យោងទៅលើកម្រិតលូតលាស់ល្អ និងគ្មានជំងឺឆ្លង ប៉ុន្តែត្រូវរង់ចាំពិនិត្យមើលទិន្នផល នៅរដូវប្រមូលផលខាងមុខទើបធ្វើ ការវាយតម្លៃជារួមលើលក្ខណសម្បត្តិ របស់ពូជ KU50 នេះបាន មុនធ្វើការពង្រីកពូជ និងផ្សព្វផ្សាយជូនកសិករ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានជួបសំណេះសំណាលជាមួយមន្រ្តី បុគ្គលិក កម្មករបម្រើការក្នុងកសិដ្ឋានចំនួន៨៦នាក់ (ខ្លះជាមន្រ្តីចូលនិវត្តន៍) ភាគច្រើនជាស្រ្តី អំពីបញ្ហាជីវភាព ការងារស្នូលក្នុងកសិដ្ឋាន និងការងារបន្ទាប់បន្សំផ្សេងទៀត ដែលចូលរួមចំណែកផ្គត់ផ្គង់ឲ្យជីវភាពប្រចាំថ្ងៃ ហើយបាននាំយក បណ្តាំសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរឲ្យបងប្អូនជាមន្រ្តី បុគ្គលិក កម្មករគ្រប់ក្រុមគ្រួសារ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងចៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩។

ចំពោះតម្លៃនៃការលះបង់របស់បងប្អូន ដែលនៅបម្រើការក្នុងកសិដ្ឋាននេះ (ខ្លះតាំងពីឆ្នាំ១៩៧៩) លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់កំលាំងចិត្ត និងកោតសរសើរ ចំពោះស្មារតីលះបង់ យ៉ាងជ្រាលជ្រៅបំផុតនេះ។ ដោយឡែក ចំពោះការងារបច្ចេកទេស លោកស្នើឲ្យមន្រ្តីកសិដ្ឋាន យកចិត្តទុកដាក់បង្កើនចំណេះដឹង បច្ចេកទេសទាក់ទងការបង្កាត់ជ្រើសរើស បន្សុតពូជដំណាំតំបន់ដីខ្ពស់គ្រប់ប្រភេទ ដើម្បីធ្វើការផ្សព្វផ្សាយពូជដំណាំ និងបច្ចេកទេសជូនកសិករនៅទូទាំងតំបន់នេះ ទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។

ក្នុងខណៈនេះ លោករដ្ឋមន្ដ្រី វេង សាខុន ក៏បានក្រើនរំលឹកឲ្យមន្រ្តី បុគ្គលិក កម្មករយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសអនុវត្ត ឲ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ពូជ KU50 និងពូជ ៨១ បានទិញពីវិទ្យាស្ថានអភិវឌ្ឍពូជដំឡូងមី (TTDI) ប្រទេសថៃ ដែលជាពូជដំឡូង មីធន់ នឹងជំងឺម៉ូសាអ៊ិចមកធ្វើការដាំដុះ ក្នុងគោលបំណង ពង្រីកដើមពូជសម្រាប់ផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋ។ តាមរយៈលទ្ធផលដាំសាកល្បង បានបង្ហាញថា ពូជទាំងពីរនេះ ជាពូជធន់នឹងជំងឺម៉ូសាអ៊ិច ដែលផលប៉ះពាល់មានកម្រិតត្រឹមតែប្រមាណ១-៥%ប៉ុណ្ណោះ បើប្រៀបធៀបជាមួយពូជ នាំពីប្រទេសវៀតណាម និងចិន ដែលអគ្គនាយកដ្ឋានបានដាំសាកពិសោធន៍ក្នុងកសិដ្ឋាននេះ។

បច្ចុប្បន្ន កសិដ្ឋានបានដាំពូជនេះ បាន៨០ហិកតា ទុកពង្រីកពូជបន្ថែម។

សូមជម្រាបថា ការដាំសាកពិសោធន៍ស្រាវជ្រាវនេះ ត្រូវបានទទួលបានការជួយឧបត្ថម្ភ ពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC របស់រដ្ឋាភិបាលអូស្រ្តាលី។ ក្នុងកសិដ្ឋាន ក៏បាននិងកំពុងផលិតពូជពោត និងសណ្តែកសៀងផងដែរ៕