(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ជូនប្រជាពលរដ្ឋឲ្យបានល្អ។ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពថែមទៀត សំដៅធ្វើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាព្រឹកថ្ងៃសៅរ៍ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក សាយ សំអាល់ បានប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ គណៈអភិបាលខេត្តព្រះសីហនុ អភិបាលក្រុង-ស្រុក ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំជាច្រើនរូបផងដែរ។

លោក សាយ សំអាល់ បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋាន៖

* ទី១៖ បន្តខិតខំបន្តថែមទៀត ដោះស្រាយចំណុចសេសសល់រាល់បញ្ហា សំណូមពរ របស់ប្រជាពលរដ្ឋ និងពង្រឹងការងារផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបម្រើ និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។
* ទី២៖ បន្តជំរុញការងារអភិវឌ្ឍន៍មូលដ្ឋានខេត្តព្រះសីហនុឱ្យក្លាយជាខេត្តប៉ូលសេដ្ឋកិច្ចពហុវិស័យដ៏រឹងមាំ បន្ថែមលើសក្តានុពលវិស័យទេសចរណ៍ ជំរុញការទាក់ទាញវិនិយោគ និងធ្វើការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីធានានិរន្តរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
* ទី៣៖ លើកទឹកចិត្តនិងផ្តល់ឱកាសពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ ជាពិសេសមន្រ្តីវ័យក្មេងឱ្យចូលរួមបំពេញការងារ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម ដើម្បីបម្រើជាតិមាតុភូមិ ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព៕