(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តាំផ្ញើប្រជាពលរដ្ឋស្រុកស្វាយទាប ខេត្តស្វាយរៀង ចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ អំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ការផ្តាំផ្ញើបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសលោកចូលរួមក្នុងពិធីកាន់បិណ្ឌចំនួន៣វត្ត នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង ៧សន្តាន និងវីរជន វីរនារីស្នេហាជាតិដែលអង់អាចក្លាហាន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទនៅស្រុកស្វាយទាប ខេត្តស្វាយរៀងផងដែរ។

នៅក្នុងឱកាសនោះលោក សៅ សុខា បានថ្លែងផ្ដាំផ្ញើដល់ប្រជាពុទ្ធបរិស័ទ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការពារជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាលដល់សហគមន៍ជាដាច់ខាត ដោយត្រូវធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយលាងដៃជាមួយអាកុល សាប៊ូជែល ពាក់ម៉ាស និងនៅគម្លាតឆ្ងាយពីគ្នាជាដើម។

លោកបានបញ្ជាក់ថា គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាពពេញលេញ ពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ លោកក៏អរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនទៅមុខ។

នៅក្នុងពិធីកាន់បិណ្ឌរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមការងារបានប្រគេនបច្ច័យ និងទេយ្យវត្ថុមួយចំនួនដល់វត្តព្រៃធ្នុង វត្តស្វាយទន្ទឹម និងវត្តស្វាយរំពារ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង៕