(កណ្តាល)៖ ដោយមានការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្អាង ខេត្តកណ្តាល, លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ចុះជួយឃុំព្រែកអំបិល បានណែនាំដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខទុក្ខ ជាពិសេសលើជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងឃុំទាំងមូល ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយនោះឡើយ ដោយឱ្យក្រុមការងារចុះជាប់ជាប្រចាំនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

ការណែនាំឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំព្រែកអំបិល ដើម្បីស្វែងយល់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនចុះពង្រឹង។

ជាមួយគ្នានេះដែរ លោកក៏បានដឹកនាំក្រុមការងារបន្តចុះ ឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋទីទ័លក្រ ព្រមទាំងចុះជួបផ្ទាល់ជាមួយលោកយាយ ថន ជាវ អាយុ៨៤ឆ្នាំ រស់នៅក្នុងភូមិអន្លង់តាសេកលើ ដែលមានកូនស្រី២នាក់ ជាស្ត្រីមេម៉ាយ និងមានជីវភាពខ្វះខាត

ស្ថិតនៅក្នុងឱកាសនោះដែរ ក្រោយបានជួបសំណេះសំណាលជាមួយលោកយាយ ថន ជាវ ពីការលំបាករបស់គ្រួសារគាត់មក លោក កែវ រ៉េមី ក៏បានជួយសម្របសម្រួលជាមួយប្រធានមន្ទីរពេទ្យ លោកសង្ឃ ដើម្បីសុំជួយផ្នែកវះកាត់ជើងចៅប្រុសរបស់លោកយាយដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក ដែលបាក់ជើងទាំងពីរ ដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់។

បន្ទាប់ពីបានជួបលោកយាយ ជរា ថន ជាវ រួចមកលោក កែវ រ៉េមី ក៏បានចាត់ឱ្យក្រុមការងារបន្តនាំយកយកអង្ករ និងថវិកាចូលរួមបុណ្យសពលោក ឡាំ សាន់ អាយុ៧៤ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នៅភូមិអន្លង់ តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល៕