(បន្ទាយមានជ័យ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ចុះឃាត់ខ្លួនជនសង្ស័យ លួចលក់គ្រឿងញៀនជាទ្រង់ទ្រាយធំបានម្នាក់។

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង ១០៖៣៥ នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិចក្រី ឃុំជប់វ៉ារី ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារគ្រឿងញៀន។

ជនសង្ស័យ ឈ្មោះ គឹម ហួត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតរស់នៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់លាបស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះកម្លាំងអាវុធហត្ថដកហូតសម្ភារ និងភស្តុតាងបានមួយចំនួនមានគ្រឿងញៀនមេតំហ្វេតាមីន ទឹកកកម្សៅក្រាម ពណ៌សថ្លា ចំនួន ២ កញ្ចប់ធំ ទម្ងន់ស្មើនឹង ២.០៦៤ក្រាម រថយន្ត១គ្រឿងម៉ាកតូយ៉ូតាកូរ៉ូឡាពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E 3600 ទូរស័ព្ទចំនួន ២ គ្រឿង និងរបស់ពាក់ព័ន្ធជាច្រើនទៀត។

តាមការអះអាងរបស់លោក ជាតារា បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា មុននឹងបង្ក្រាបជនសង្ស័យបាននោះ កម្លាំងអាវុធហត្ថបានទទួលព័ត៌មាន ពីបណ្ដាញភ្នាក់ងារផ្ដល់ព័ត៌មានថា នៅចំណុចខាងលើមានជនសង្ស័យកំពុងរកស៊ីជួញដូរគ្រឿងញៀន។ ក្រោយពីទទួលព័ត៌មានហើយ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ឈានដល់ឃាត់ខ្លួនបានជនសង្ស័យនៅចំណុចកើតហេតុខាងលើ ហើយបញ្ជូនមកស្នងការដ្ឋានអាវុធហត្ថខេត្តដើម្បីសួរនាំបន្ត។

លោក ជា ដារា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងអស់នេះរូបគេស៊ីឈ្នួលកាន់ឲ្យគេ យកទៅឲ្យអ្នកទិញបន្តចំនួន២លើកមកហើយ ហើយថ្ងៃឈ្នួលយកទៅឲ្យគេ២លើកនោះ បានប្រាក់ចំនួន ១.៥០០ដុល្លារ។ ផ្អែកលើចម្លើយសារភាព និងវត្ថុតាងខាងលើកម្លាំងអាវុធហត្ថ បានធ្វើការសន្និដ្ឋានថា ជនសង្ស័យខាងលើ ពិតជាបានលួចជួញដូរគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។

លុះនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្ត បានចុះមកធ្វើការពិនិត្យគ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានចាត់វិធានការផ្លូវច្បាប់តែម្តង៕