(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ខៀវ បុប្ផាផល រួមជាមួយថ្នាក់ដឹកនាំ ពលទាហាន ក្នុងអគ្គបញ្ជាការ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទចំណុះជើងវត្តក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ នេះបានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តវេឡូវ័ន្ត ព្រៃឫស្សី។

នៅពិធីបុណ្យកាន់បិណ្ឌវេនទី២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកស្រី ព្រមទាំងនាយ ពលទាហានក្នុងអគ្គបញ្ជាការ បានបួងសួង និងឧទ្ទិសនូវមហាកុសលផល បុណ្យដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី២នេះ ជូនដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតា ញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ពិសេសឧទ្ទិសមហាកុសលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស់អ្នកស្នេហាជាតិ និងវីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានបូជាជីវិតលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីកម្ពុជា នាពេលកន្លងមក សូមបុណ្យកុសលដែលបានធ្វើនៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី២នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នាកុំបីអាក់ខានឡើយ។

ព្រះចៅអធិការវត្តវេឡូវ័ន្ត ព្រៃឫស្សី មានសង្ឃដីការថា បុណ្យកាន់បិណ្ឌនេះបើតាមគម្ពីរធម្មបទ ក្នុងសម័យបុព្វកាលអ្នកប្រាជ្ញាជំនាន់នោះបានប្រើពាក្យថា បវរណាបច្ច័យ បួន ដល់ព្រះសង្ឃដែលមានព្រះពុទ្ធអង្គរ ជាប្រធានបានកំណត់ធ្វើរយៈពេល ៣ខែ ប៉ុន្តែចំណេរកាលក្រោយមកទើបអ្នកប្រាជ្ញរាជបណ្ឌិតកំណត់ឲ្យប្រើពាក្យថា ពិធីកាន់ បិណ្ឌវិញ ដែលមានរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ រួមទាំងថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ ព្រោះក្នុងរដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើនពិបាកដល់ភិក្ខុសង្ឃ ក្នុងការស្វែងរកអាហារ បិណ្ឌបាត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្ទាប់ពីបានរាប់បាត្រ និងវេរប្រគេននូវចង្ហានទេយ្យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ និងគ្រឿងបូជាព្រះរួចមកក៏បានជួបសំណេះ សំណាលជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ចាស់សីលវត្តី និងប្រជាពលរដ្ឋ ដែលចូលរួមដោយបាននាំនូវក្តីនឹករលឹក និងបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកប ដោយមនោសញ្ចេតនាគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះពលរដ្ឋ ទាំងអស់ ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស កំពុងប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំដែងនូវក្តីសប្បាយរីករាយដោយឃើញព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញមកធ្វើបុណ្យបានគោរពយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីពិធីការពារនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លោកក៏បានអំពាវនាវ និងក្រើនរំលឹកដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ពេលចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបន្តចូលរួមការពារ និងទប់ស្កាត់ឲ្យខាងតែបាននៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២នេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាសម្រាប់វត្ត វេឡុវ័នព្រៃឫស្សីមាន អង្ករ ១០បាវ, ត្រីខកំប៉ុង ១កេស, ទឹកក្រូច ទឹកផ្លែឈើ ២៤កេស, តែអូអ៊ីឈិ ៥កេស, ទឹកបរិសុទ្ធ ៥០កេស, មី ២កេសធំ, ទឹកត្រី ទឹកស៊ីអ៊ីវ ៦យួរ និងក្រៅពីនោះមានគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀតផង។

ជាមួយនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានប្រគេនបច្ច័យកសាងដល់វត្ត វេឡុវ័ន ព្រៃឫស្សី នូវបច្ច័យចំនួន ៣,០០០ដុល្លារ និងប្រាក់រៀលចំនួន ៨លានរៀល ប្រគេនបច្ច័យព្រះចៅអធិការ១០០ដុល្លារ និងប្រគេនព្រះសង្ឃចូលរួមក្នុងវត្ត ៤៧អង្គ ក្នុង១អង្គៗមានសាដក និងបច្ច័យផងដែរ៕