(ភ្នំពេញ)៖ យុវជនកម្ពុជាចំនួន ២៥០នាក់ កំពុងទទួលការបណ្ដុះបណ្ដាលជំនាញដុតនំ (Bakery) ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Dav the Cake នៅទីតាំងហ្វេកធើរី ភ្នំពេញ ជាមួយនឹងការកត់សម្គាល់ថា កម្មវិធីនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ពិសេសបានចូលរួមដល់សេវាកម្មផ្គត់ផ្គង់នំ។

កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញដុតនំនេះជាការបណ្ដុះបណ្ដាលជំនាន់ទី៣នេះ ដែលធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ និងដោយមានការចូលរួមពីនាយិកាក្រុមហ៊ុន ប្រធានសមាគមចុងភៅកម្ពុជា គ្រូជំនាញដុតនំ និងសិក្ខាកាមសរុបប្រមាណ ៣០០នាក់។

នាឱកាសនោះ លោក ប៉ាក់ សុខុម បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Dav the Cake ដែលបានខិតខំចូលរួមចំណែករៀបចំវគ្គបណ្តុះបណ្តាលជំនាញដុតនំ ជំនាន់ទី៣នេះ ដែលកម្មវិធីនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសចូលរួមផ្គត់ផ្គង់ដល់សេវាកម្មក្នុងវិស័យដុតនំ។

លោកបានបន្តថា ជំនាញដុតនំនេះក៏ជាជំនាញវិជ្ជាជីវៈទេសចរណ៍មួយដែលទទួលស្គាល់ដោយអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ហើយកន្លងមកក្រសួងទេសចរណ៍ក៏បានចាប់ផ្តើមអនុវត្តកម្មវិធីនេះ តាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នានាទូទាំងប្រទេសរួចរាល់ផងដែរ។

លោក ប៉ាក់ សុខុម បានបន្តទៀតថា ការបើកវគ្គបណ្តុះបណ្តាលដុតនំនាឱកាសនេះ គឺជាជំហានដ៏ប្រពៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដុតនំនៅកម្ពុជា ហើយក៏បង្ហាញពីការចាប់ផ្តើមនៃទេសចរណ៍កម្ពុជា (Re-start Tourism) ក្នុងដំណាក់ងើបឡើងវិញនៃវិស័យទេសចរណ៍ នាកំលុងពេលកើតមានវិបត្តកូវីដ-១៩។

កញ្ញា រស់ សាលីន អគ្គនាយិកានៃក្រុមហ៊ុន Dav the Cake និងក្រុមការងារបានបេ្តជ្ញាចិត្តចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលជំនាញដុតនំនេះ ដោយកន្លងមកកញ្ញាបានបើកវគ្គបណ្តុះបណ្តាលដល់យុវជនកម្ពុជាលើជំនាញដុតនំបានចំនួន ១៦០នាក់រួចមកហើយ និងបានរៀបចំបង្កើតហាងលក់នំចំនួន ១១សាខាទូទាំងប្រទេស ព្រមទាំងបន្តជំហរគាំទ្រដល់សិក្ខាកាម ដើម្បីមានឱកាសចាប់ផ្តើមអាជីវកម្ម (Start-up) លើអាជីវកម្មដុតនំនេះឱ្យបានកាន់តែផុលផុស ជាពិសេសលើគម្រោងបើកវគ្គជំនាន់ទី៤ នៅឆ្នាំ២០២១ ខាងមុខនេះ។

លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា បានបង្ហាញទស្សនសុទិដ្ឋិនិយមចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញដុតនំនេះ និងបានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់ក្រសួងទេសចរណ៍ ជាមួយនឹងក្រុមហ៊ុន Dav the Cake ដោយកន្លងមកសមាគមនចុងភៅបានបញ្ជូនគ្រូជំនាញរបស់ខ្លួន ឱ្យចូលរួមជាគ្រូឧទ្ទេសក្នុងកម្មវិធីបណ្តុះបណ្តាលខាងលើ និងគ្រោងរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតអាស៊ាន ព្រមទាំងពិធីប្រកួតជំនាញដុតនំផងដែរ។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានទស្សនាការបណ្តុះបណ្តាលជាក់ស្តែងរបស់សិក្ខាកាម និងបានផ្តាំផ្ញើដល់សិក្ខាកាមឲ្យយកចិត្តទុកដាក់សិក្សា និងស្រូបយកចំណេះដឹងពីគ្រូបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងដើម្បីទទួលបានឱកាសការងារ និងបង្កើតអាជីវកម្មហាងដុតនំរបស់ខ្លួនទៅថ្ងៃអនាគត។

សម្រាប់កម្មវិធីបណ្តុះបណ្តាលវិញ លោកក៏បានលើកទឹកចិត្តឱ្យអនុវត្តវិធានសុវត្ថិភាពនានាដែលបានដាក់ចុះ ជាពិសេសអំលុងពេលបណ្តុះបណ្តាល ដើម្បីការពារការឆ្លងវីរុសកូវីដ-១៩ ផងដែរ៕