(កំពង់ធំ)៖ ដោយទទួលបានសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបើកឲ្យដំណើរការឡើងវិញដំណាក់កាលទី២ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សប្ដាហ៍ក្រោយនេះ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ គ្រឹះស្ថានសិក្សាសាធារណៈរដ្ឋជិត៨០០កន្លែងក្នុងខេត្ត នឹងបើកដំណើរការឡើងវិញ។

ប្រធានមន្ទីរបញ្ជាក់ថា ក្នុងចំណោមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ៧៨៩កន្លែង ក្នុងខេត្តកំពង់ធំ មានកម្រិតមត្តេយ្យសិក្សាចំនួន២០៧សាលា កម្រិតបឋមសិក្សាមានចំនួន ៤៩០សាលា និង កម្រិតមធ្យមសិក្សាមានចំនួន ៩២សាលា។

ជាមួយនឹងការចូលរៀននៅតាមសាលាឡើងវិញនេះ លោកប្រធានមន្ទីរបានណែនាំដល់សាលារៀនទាំងអស់ ឲ្យអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពី គោលការណ៍ប្រតិបត្តិការស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទជំងឺកូវីដ-១៩ ដោយមិនឲ្យសិស្សក្នុងសាលាតាមវេន និងតាមក្រុមនីមួយៗមិនលើសពី២០០នាក់ឡើយ និងត្រូវត្រៀមរួចជាស្រេចនូវសម្ភារមួយចំនួន ដូចជាមកន្លែងលាងដៃម៉ាសទឹកអាល់កុលសាប៊ូជាដើម។

លោកនាយក នាយិកាសាលា បានលើកឡើងថា បច្ចុប្បន្ននេះសាលារៀននីមួយៗ បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើអនាម័យបន្ទប់រៀនមុនពេលចាប់ផ្តើមអនុញ្ញាត ឲ្យសិស្សចូលសិក្សាឡើងវិញ និងបានត្រៀមខ្លួនរួចជាស្រេចនូវកន្លែងលាងសម្អាតដៃ ទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កំដៅជាដើម ដែលសម្ភារទាំងអស់នេះ បានមកពីការចំណាយរបស់សាលាផង ពីសហគមន៍ផង និងអតីតសិស្សផង។

ជាមួយគ្នានេះដែរ លោកនាយក នាយិកាបានអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ មេត្តាចូលរួមផ្គត់ផ្គង់កូនៗរបស់ខ្លួនដោយមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថា ក្រសួងអប់រំ មិនអនុញ្ញាតលក់ចំណីអាហារក្នុងសាលារៀនឡើយ។

ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូ បានអំពាវនាវដល់មាតាបិតាជួយចូលរួមជំរុញកូនឲ្យខិតខំសិក្សារៀនសូត្រដោយខំប្រឹងទាំងអស់គ្នា។ ឆ្លើយតបនិងការប្រកាសរបស់ក្រសួងអប់រំ សិស្សានុសិស្សមានការសប្បាយចិត្តដោយបានចូលរៀនឡើងវិញ។

ក្នុងនោះដែរបើតាមអ្នកនាំពាក្យក្រសួងអប់រំ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ដែលនឹងត្រូវអនុវត្តន៍បញ្ចប់កម្មវិធីសិក្សា នឹងពុំមានការឈប់សម្រាកវិស្សមកាលធំនោះឡើយ និងត្រៀមខ្លួនប្រលងថ្នាក់ជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ថា្នក់ទី៩ និងថ្ងៃទី២១ ខែធ្នូ សម្រាប់ថ្នាក់ទី១២។

គួររំលឹកថា រាជរដ្ឋាភិបាលបានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនាកន្លងទៅ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងជាបន្តបន្ទាប់ស្តីពីដំណើរការបើក សាលារៀនឡើងវិញ ជាបីដំណាក់កាល រួមមាន៖ដំណាក់កាលទី១ សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២សាលារៀនមានស្តង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា។

សិស្សសរុបក្នុងខេត្តកំពង់ធំមាន១៥៦,៥៤៨នាក់ស្រី៧៩,១៣១នាក់ក្នុងនោះរួមមាន៖

*សិស្សមត្តេយ្យសិក្សា៖សរុប១០,៥៥៣នាក់ស្រី៥,៣០៥នាក់
*សិស្សបឋមសិក្សា៖សរុប៩៩,៨៥៧នាក់ស្រី៤៨,៧៣១នាក់
*សិស្សមធ្យមសិក្សា ៖សរុប៤៦,១៣៨នាក់ស្រី២៥,៤៥៥នាក់៕