(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅ ខែកញ្ញា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ មានចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។

ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយ នាយរងអាវុធហត្ថ ត្រូវតែប្រកាន់ភ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ឲ្យបានល្អ និងបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងរួមចំណែកសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ហើយក៏ដូចជាការពារសុវត្ថិភាពជូន ថ្នាក់ដឹកនាំជាតិ អន្តរជាតិផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានក្រើនរំលឹកជារឿយៗ ស្តីពីការបង្ការ និងទប់ស្កាត់រលកទីពីរ នៃជំងឺឆ្លងកូវីដ-១៩ ដល់កម្លាំងក្រោមឱវាទទាំងអស់ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ដូចជាពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគន្លាតសុវត្ថិភាពបុគ្គល សង្គម និងចាត់វិធានការប្រុងប្រយ័ត្នផ្សេងៗ។

ដោយឡែក ក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ដើម្បីឆ្លើយតបតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេស សេចក្តីអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕