(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក អ៉ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ក្នុងក្រុងកំពង់ឆ្នាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមកាន់ បិណ្ឌវេនទី១ នៅវត្តអារញ្ញការាមស្ថិតក្នុងភូមិ ស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីកាន់បិណ្ឌវេនទី១នេះដែរ លោក ឈួរ ច័ន្ទឌឿន និងលោក អ៉ិត សុធា ព្រមទាំងមន្រ្តីរាជ និងប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួន ៣.១៤០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអារញ្ញការាម ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យមួយចំនួនសម្រាប់វត្ត មានភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាលោកយាយជី តាជីស្នាក់នៅក្នុងវត្តផងដែរ។

បន្ទាប់មកបានបង្សុកូល និងបានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុល ពត និងសូមឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា។

លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យ ប្រពៃណីខ្មែរមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះ គេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយ ឲ្យបានទទួលកុសលផលបុណ្យ ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ។

លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប និង សូមប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍។

លោកក៏សំណូមពរប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅឲ្យខិតខំរៀន សូត្រជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើម និងបង្កើនមុខរបរ រកចំណូលប្រចាំថ្ងៃជាពិសេសត្រូវបង្កើនមុខរបរប្រចាំថ្ងៃ កុំធ្វើចំណាកស្រុកប្រថុយប្រថានខុសច្បាប់ ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ត្រូវធានាសុវត្ថិភាពសណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕