(ព្រះវិហារ)៖ ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ រយៈពេល២ថ្ងៃជាប់គ្នា ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនទៀត។

លោកវរៈសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះថា ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្សាន្ត បានបើកប្រតិបត្តិការបង្រ្លាបករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី០១ និងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៥នាក់ និងវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ៦កញ្ចប់ រួមនិងសម្ភារមួយចំនួនទៀត។

លោកអធិការស្រុកបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលស្រុកជាំក្សាន្ត កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី៕