(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២០នេះ វិស័យទេសចរណ៍កម្ពុជា បានបាត់ចំណូលប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដោយសាររងឥទ្ធិពលរបស់ជំងឺកូវីដ១៩។

លោក ទិត ចន្ថា បានឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ចំពោះការសិក្សាជំហានដំបូងអំពីការប៉ះពាល់ យើងប៉ះពាល់ខ្លាំងទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ យើងបាត់ប្រមាណ ៥ពាន់លានដុល្លារ នៃចំណូលពីវិស័យទេសចរណ៍»

បើតាមលោក ទិត ចន្ថា បានបន្ថែមថា ក្នុងមួយឆ្នាំៗ វិស័យទេសចរណ៍កម្ពុជា អាចរកចំណូលបានយ៉ាងហោចណាស់ក្នុងរង្វង់ពី ៥ទៅ ៦ពាន់លានដុល្លារអាមេរិក ដែលទទួលបានពីភ្ញៀវជាតិ និងអន្តរជាតិ។ សម្រាប់ឆ្នាំ២០២០នេះ ដោយសាររងឥទ្ធិពលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរអន្តរជាតិ បាត់បង់ស្ទើរតែទាំងស្រុង។

ទោះជាយ៉ាងនេះក្តី ដោយសារការគ្រប់គ្រងនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាបានល្អប្រសើរ និងមានវិធានការត្រឹមត្រូវ ភ្ញៀវទេសចរជាតិបាន និងកំពុងចាប់ផ្តើមមានសកម្មភាព ដើរលេងកម្សាន្តវិញ ហើយក៏ធ្វើឲ្យសេវាកម្មទេសចរណ៍ ដំណើរការវិញជាបណ្តើរៗផងដែរ។ ប្រការនេះធ្វើឲ្យក្រសួងទេសចរណ៍ បានអះអាងថា គិតដល់ចុងឆ្នាំ២០២០នេះ វិស័យទេសចរណ៍កម្ពុជា អាចរកចំណូលបាន យ៉ាងហោចណាស់ពី ១០០ទៅ ៥០០លានដុល្លារអាមេរិក៕